ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ នៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះ ដោយមិនដឹងមូលហេតុ ខណៈដែលស្ត្រីជាម្តាយអះអាងថា កូនស្រីរបស់គាត់មុនបាត់ខ្លួន បានប្រាប់ថា នាងបានឃើញភ្លើងហោះលើមេឃ លុះពេលចូលដេក ក៏ស្រាប់តែបាត់ពីក្នុងមុង មិនដឹងថាទៅណា ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោតាមស្វែងរកសព្វកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង៦ និង២០នាទីព្រលប់ ទៅម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។

ក្មេងស្រីដែលបាត់ខ្លួនខាងលើ មានឈ្មោះឡា ស្រីនី អាយុ១០ឆ្មាំ មានឪពុកឈ្មោះឡន ឡា អាយុ៤៧ឆ្នាំ ម្តាយឈ្មោះស៊ឹម មុំ អាយុ៤៧ឆ្នាំ និងមានលំនៅក្នុងភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។
លោក សេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា ក្មេងស្រីដែលបាត់ខ្លួនរូបនេះ គឺជាកូនចិញ្ចឹមដែលប្តីប្រពន្ធខាងលើ សុំពីបងប្អូនសាច់ញាតិរបស់ខ្លួនយកមកចិញ្ចឹម ធ្វើជាកូន ក្នុងពេលដែលក្មេងស្រីនោះអាយុបាន២ខួបម៉្លេះ ហើយនាងគឺជាក្មេងស្រីដែលមានចរិត ស្លូតបូត និងមិនមានជំងឺអ្វីនោះទេ។

នៅពេលមុនកើតហេតុ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយ ថានាងបានឃើញភ្លើងហោះនៅលើមេឃ បន្ទាប់មក ម្តាយក៏បានឱ្យកូនចូលទៅដេកនៅក្នុងមុង ដោយមិនគិតថា មានរឿងអ្វីកើតឡើងនោះទេ។ បន្ទាប់មក ក៏ស្រាប់តែបាត់កូនស្រីពីក្នុងមុងតែម្តង ភ្លាមៗនោះឪពុកម្តាយបានបញ្ចាំងភ្លើងពិលតាមរកទាំងក្នុង និងជុំវិញបរិវេណផ្ទះដែរ ប៉ុន្តែមិនបានឃើញកូនស្រីរបស់ខ្លួនឡើយ ក្រោយមកក៏បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលថ្មពេជ្រ ឱ្យបានដឹង និងសហការគ្នាតាមរកទាំងយប់នៅតាមដងផ្លូវដែលមានរថយន្តបានបើកកាត់បញ្ចាំងភ្លើង ក៏បានឃើញក្មេងស្រីដើរតាមផ្លូវតែម្នាក់ឯង និងបានគេចឆ្ពោះមកខាងព្រៃអាគាំង ដែលស្ថិតនៅក្នុងឃុំជារោទ៍ទី២ ស្រុកត្បូងឃ្មុំ បាត់តែម្តង។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះបានចេញបាត់ពីក្នុងផ្ទះដោយមិនដឹងពីមូលហេតុនោះឡើយ ហើយរបស់របរដែលនៅជាប់ខ្លួនក្មេងស្រីរូបនេះ រួមមាន ១-ខ្សែកផ្លាកទីនចំនួន១ជីកន្លះ ២-ផ្លាកដៃធ្វើពីក្រឡៃតម្លៃ ២ម៉ឺនរៀល និង៣-ចិញ្ចៀនផ្លាកទីនចំនួន២ ដោយ១វង់១ជីកន្លះ។

រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ រួមជាមួយនឹងកម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរកបន្ថែមទៀត និងតាមរកគ្រប់ច្រកល្ហកហើយ ប៉ុន្តែនៅតែពុំទាន់មានតម្រុយថា តើក្មេងស្រីរងគ្រោះបានចេញទៅណានោះទេ។
ជាមួយនេះ សមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ និងតាមបណ្តាស្រុកផ្សេងទៀត ប្រសិនណាបើឃើញក្មេងស្រីរងគ្រោះមានភិនភាគដូចរូបថតនេះ នៅកន្លែងណា សូមប្រញាប់រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលនៅកៀកបំផុត៕