ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារគណៈកម្មការដីធ្លី ដឹកនាំដោយខាងមន្ត្រី សាលាដំបូងខេត្តប៉ៃលិន បានចុះទៅត្រួតពិនិត្យដីធ្លីមួយកន្លែង ស្ថិតនៅលើភ្នំ ខាងក្រោយកាស៊ីណូម្កុដពេជ្រ ជាប់នឹងព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលប្តឹងថា មានអ្នកឃុបឃិតគ្នាជាប្រព័ន្ធយកដីលើភ្នំខាងលើ ដែលខ្លួនធ្លាប់អាស្រ័យផល អស់រយៈពេលជាយូរមកហើយ ទៅលក់ឱ្យឈ្មួញធ្វើប្លង់កម្មសិទ្ធិ ទោះបីជាគេដឹងថា ដីភ្នំខាងលើ ស្ថិតក្នុងលក្ខខណ្ឌជាគម្របព្រៃឈើ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ដីភ្នំខាងលើ ជាគម្របព្រៃឈើ (នាឆ្នាំ២០០២) មានទំហំប្រមាណជាង២០ហិកតារ ត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ធធ្វើប្លង់កម្មសិទ្ធិ យកគ្រឿងចក្រទៅឈូសឆាយព្រៃរលីង រួចលក់ឱ្យឧកញ៉ាម្នាក់ ដោយមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋមួយចំនួន ដោយអ្នកខ្លះបានទទួលការដោះស្រាយគោលនយោបាយ អ្នកខ្លះទៀតត្រូវគេយកទទេ។ លុះប៉ះចំដីប្រជាពលរដ្ឋម្នាក់ដែលបានកាប់ឆ្ការព្រៃភ្នំខាងលើ អាស្រ័យផលអស់រយៈពេលជាច្រើនឆ្នាំ មានដាំដំណាំផ្សេងៗ ត្រូវបានក្រុមឧកញ៉ា ឈ្មោះហេង ហាក់ម៉ុង យកស័ង្កសី ទៅធ្វើរបងហ៊ុព័ទ្ធជុំវិញប៉ះដីរបស់ខ្លួន ក៏ប្តឹងទៅតុលាការឱ្យជួយអន្តរាគមន៍តែម្តង។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកជុំ វឿន អាយុ៤៣ឆ្នាំ បានរៀបរាប់ឱ្យដឹងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ខាងលោកបានអាស្រ័យ័ផលដីភ្នំខាងលើ ដែលមានបណ្តោយ១២០ម៉ែត្រ ទទឹង៤២ម៉ែត្រ ក៏បានដាំស្វាយ ចេក និងដំណាំផ្សេងៗ ជាច្រើន។ លុះឃើញដីខ្លួន ត្រូវគេធ្វើរបងស័ង្កសី ព័ទ្ធជុំវិញយកអស់រលីង ទើបប្តឹងទៅខាងតុលាការឱ្យជួយរកយុត្តិធម៌តែម្តង។ តែនៅព្រឹក ថ្ងៃដដែល មិនទាន់ឃើញមានចំណាត់ការអ្វីនៅឡើយទេ គ្រាន់តែឃើញគណៈកម្មការចុះទៅត្រួតពិនិត្យប៉ុណ្ណោះ ហើយលោកសង្ឃឹមថា នឹងទទួល បានយុត្តិធម៌ ។
តាមប្រភពពីលោកព្រាប សារុន មេភូមិផ្សារព្រំជើង បានឱ្យដឹងថា ក្រុមការងារគណៈកម្មការដីធ្លី ដែលមានការដឹកនាំពីខាងមន្ត្រី សាលាដំបូងខេត្ត ដោយមានខាងមន្ត្រីសុរិយោដីខេត្ត ខាងអាជ្ញាធរស្រុកសាលាក្រៅ អាជ្ញាធរឃុំស្ទឹងកាច់ និងអាជ្ញាធរភូមិផ្សារព្រំចូលរួមផងដែរ។ លោកបន្តទៀតថា ការចុះត្រួតពិនិត្យដីខាងលើ ដោយសារតែមានពាក្យបណ្តឹងពីលោកជុំ វឿន ភេទប្រុស បានប្តឹងទៅតុលាការខេត្ត កាលពីកន្លងមក ខណៈចោទថា មានគេយកបង្គោលស័ង្កសីហ៊ុព័ទ្ធប៉ះចំដីរបស់គាត់។ តែការចុះពិនិត្យនេះ មិនទាន់ទទួលបានផលយ៉ាងណានៅ ឡើយទេ ដោយខាងតុលាការ និងអាជ្ញាធរធ្វើកំណត់ហេតុរៀងៗខ្លួន ដើម្បីដោះស្រាយបន្ត នៅពេលក្រោយ។

លោកសំ សារ៉េត អភិបាលស្រុកសាលាក្រៅ ក៏បានឱ្យដឹងដែរថា ក្រុមការងារចុះទៅពិនិត្យដីភ្នំខាងក្រោយកាស៊ីណូម្កុដពេជ្រ គឺពាក់ព័ន្ធ នឹងបណ្តឹងប្រជាពលរដ្ឋថា មានគេយករបងស័ង្កសីហ៊ុ ព័ន្ធដីដែលខ្លួន ធ្លាប់អាស្រ័យផលជាយូរមកហើយ យកទៅលក់ឱ្យឈ្មួញ ។
ចំណែកលោកសូ សុខុន ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិន បានបញ្ជាក់ថា ខាងលោក បានចាត់មន្ត្រីឱ្យចុះទៅពិនិត្យដីភ្នំខាងលើនេះដែរ តែរឿងរ៉ាវយ៉ាងណា នោះឱ្យសួរនាំទៅខាងតុលាការខេត្ត ពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ ប្តឹងរឿងគេបោះបង្គោលលើដី របស់ខ្លួនដែលធ្លាប់ អាស្រ័យផល។
ដោយឡែកលោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឱ្យដឹងថា ខាងលោកបានឱ្យក្រឡាបញ្ជី ដឹកនាំមន្ត្រីសុរិយោដី ទៅត្រួតពិនិត្យ វាស់វែង ព្រោះមានពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានគេធ្វើប្លង់ដី ជាន់លើដីរបស់ខ្លួនដែលធ្លាប់អាស្រ័យផល។ លោកបន្តទៀតថា លោកក៏បានស្នើសុំឱ្យខាងមន្ត្រីជំនាញធ្វើរបាយការណ៍ ដើម្បីឱ្យដឹងថា ជាន់លើដី ម្ចាស់ដើមបណ្តឹងត្រង់កន្លែងណាខ្លះ ហើយអ្នកណាជាអ្នកលក់ឱ្យ ទៅខាងឈ្មួញ (ឧកញ៉ា)។ ម៉្យាងវិញទៀត លោកកំពុងតែឆ្ងល់ចំពោះបញ្ហាដីភ្នំខាងលើ ជាដីភ្នំសុទ្ធសាធ ហេតុអ្វី បានជាជំនាញចេញប្លង់ឱ្យគេ (ថាជាដីដំបូក) ខណៈដីនេះកំពុងតែមានទំនាស់ ហើយដីខាងលើ ម្ចាស់គេអត់លក់ទេ ម៉េចបានហ៊ានធ្វើប្លង់រំលោភជាន់ទៅលើដីរបស់គេទៅវិញ។

លោកបញ្ជាក់ថា ដីខាងលើជាគម្របព្រៃឈើ ខាងគណៈកម្មការ មិនទាន់ឆ្វៀលឱ្យប្រជាពលរដ្ឋប្រើប្រាស់នៅឡើយទេ។ ស្រាប់តែមន្ត្រី ជំនាញចេញប្លង់ឱ្យគេ លក់ឱ្យឈ្មួញអស់រលីង ជាហេតុដែលធ្វើឱ្យខាងលោកនឹងរៀបចំសំនុំរឿងតាមតែនីតិវិធីប៉ុណ្ណោះ ដោយហៅខាងជំនាញមក ធ្វើការសាកសួរតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា កាលពីមុនដីភ្នំខាងលើ មានព្រៃឈើដុះទ្រុបទ្រុល បញ្ចោញពណ៌ខៀវខ្ចី គួរឱ្យចង់គយគន់ តែក្រោយមកត្រូវបាន គេយកគ្រឿងចក្រទៅឈូសឆាយអស់រលីង ស្ទើរក្លាយទៅជាដំបូកវិញទៅហើយ៕