ភ្នំពេញ ៖ កម្លាំងចម្រុះមានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខណ្ឌ ក្រោមការដឹកនាំរបស់លោកកែវ សំណាង អភិបាលរងខណ្ឌ រួមជាមួយកម្លាំងជំនាញនិងមានការបញ្ជាផ្ទាល់ពីលោកថេង សុថុល អភិបាលខណ្ឌចំការមន បានប្រើធម៌ក្តៅចុះបិទហាងប៊ុន សេង ស្ទីមម៉ាស្សា សូណា ដែលមិនចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៩៧ កែងផ្លូវលេខ៤៨៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

លោកថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា ក្រុមការងារបានត្រួតពិនិត្យឃើញថាហាង ប៊ុន សេង បើកអាជីវកម្មមិនព្រមឈប់សោះ ទោះបីអាជ្ញាធរធ្វើការណែនាំ២លើករួចមកហើយ ក្តីក៏ម្ចាស់ហាងមួយនេះមិនបានចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ ហើយនៅរសៀលនេះ យើងបានចុះត្រួតពិនិត្យជាក់ស្តែងឃើញថា ទីតាំងនេះពិតជាបើកដំណើរការមែន ហើយអាជ្ញាធរបានប្រាប់ឱ្យបិទទ្វារជាបណ្តោះអាសន្ន ប្រសិនបើមានលើកទី៤ អាជ្ញាធរនឹងស្នើសុំឱ្យអំណាចតុលាការចុះបិទអាជីវកម្មចោលតែម្តង។

លោកកែវ សំណាង បានបញ្ជាក់ថា ការអនុវត្តតាមបទបញ្ជារបស់លោកអភិបាលខណ្ឌ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ បើម្ចាស់ទីតាំង ប៊ុន សេង បើកហាងម៉ាស្សា ស្ទីម សូណា នៅតែបន្តការបើកមិនខ្លាចឆ្លងជំងឺកូវីដ-១៩ និងមិនស្តាប់អាជ្ញាធរចុះ ធ្វើការណែនាំ ដែលសរុបមាន៣លើកហើយនោះ ព្រមទាំងមានកិច្ចសន្យាច្បាស់លាស់ដែលលោក ហ៊ុយ ប៊ុនសេង ម្ចាស់ទីតាំងចូលរួមផ្តិតមេដៃធ្វើកិច្ចសន្យា នៅចំពោះមុខអាជ្ញាធរ ប្រសិនជានៅតែបន្តការបើកលួចលាក់ទៀតនឹងស្នើសុំព្រះរាជអាជ្ញាសាលាដំបូងចុះមកបិទតែម្តង៕

