Sunday, July 27, 2025
Homeតារាខ្មែរស្រីស្រស់នែប ព្រំរិទ្ធិកា សប្បាយចិត្តជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

ស្រីស្រស់នែប ព្រំរិទ្ធិកា សប្បាយចិត្តជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

ស្រីស្អាតនែប ព្រំរិទ្ធិកា អាយុ១៨ឆ្នាំ ដែលជាកូនខ្មែរកាត់ថៃ កំពុងលេចមុខគួរឲ្យចាប់អារម្មណ៍តាម MV និងបណ្ដាស្ពតជាច្រើននោះ ភ័យអរៗ ព្រោះត្រូវប្រលងបាក់ឌុបនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ប៉ុន្ដែកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសឲ្យបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួមទាំងឌីប្លូម ឆ្នាំ២០១៩-២០២០ ជាប់ដោយស្វ័យប្រវត្តិទាំងអស់ ព្រោះតែកូវីដ១៩ ទើបធ្វើឲ្យកញ្ញានែប ព្រំរិទ្ធិកា ដែលរៀននៅថ្នាក់ទី១២ វិទ្យាល័យច្បារអំពៅ សប្បាយចិត្តក្រៃលែង។

ខាងក្រោមនេះ ជាបទសម្ភាសន៍របស់អ្នកយកព័ត៌មាន ”នគរធំ” ជាមួយតារាសម្ដែង នែប ព្រំរិទ្ធិកា ជុំវិញការជាប់បាក់ឌុបដោយស្វ័យប្រវត្តិនេះ ៖

នគរធំ ៖​ តើកញ្ញារិទ្ធិកា មានអារម្មណ៍យ៉ាងម៉េចដែរ ដែលបានជាប់បាក់ឌុបឆ្នាំនេះ?

រិទ្ធិកា ៖ សម្រាប់ខ្ញុំផ្ទាល់​ដែលគេឲ្យជាប់អីចឹងតែម្ដង​ គឺខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ព្រោះអីទី១២ឆ្នាំនេះ វាអត់ដូចឆ្នាំមុនទេ។ ឆ្នាំនេះអាចនិយាយបានថា ប្រទេសចលាចល អីចឹងបើសិនជាយើងត្រូវប្រលងទី១២ រត់រៀនចុះឡើងៗ ទាំងវាពិបាកណាស់ ព្រោះមានជំងឺអីចឹង។ ម្យ៉ាងទៀតបើសិនជាយើងប្រលងចំប្រទេសអីចឹង វារញ៉េរញ៉ៃ អីចឹងខ្ញុំមានអារម្មណ៍ថាអត់សូវសុក្រិតទេ ព្រោះខ្លាចរាជរដ្ឋាភិបាល គាត់កំពុងតែរវល់ជាមួយជំងឺហ្នឹង តែដល់ពេលគាត់ចាត់វិធានការអីចឹង ខ្ញុំគិតថាល្អសម្រាប់សិស្សទី១២។

នគរធំ ៖ កញ្ញារិទ្ធិកា គិតថា អ្នកជាប់សញ្ញាបត្របាក់ឌុបឆ្នាំនេះ មានគុណភាពប្រើការបានទេ ព្រោះអ្នកចេះ និងមិនចេះជាប់ដូចគ្នាបែបនេះ?

រិទ្ធិកា ៖ អ្នកចេះ និងមិនចេះ ជាប់ដូចគ្នាហ្នឹង ខ្ញុំគិតថា អាហ្នឹងវាមិនសូវជាបញ្ហាទេ ព្រោះក្រសួងឲ្យអ្នកជាប់ទាំងអស់ហ្នឹង លុះត្រាតែយើងជាប់ឆមាស បើអត់ជាប់ឆមាស ក៏អត់បានជាប់ទី១២ដែរ។ អីចឹងមិនមែនអ្នកដើរទាត់ខ្យល់ អត់ដែលចូលរៀនបានជាប់ដែរទេ អីចឹងវាអត់មានបញ្ហាទេ។ ទាល់តែក្នុងថ្នាក់យើងខំរៀនដូចគ្នា បានយើងបានជាប់ឆមាស បើយើងអត់ទៅរៀន ក៏យើងអត់ជាប់ឆមាសដែរ។ ខ្ញុំគិតថា អ្នកអត់សូវចេះ គឺមានតិចទេ ដែលគាត់ជាប់ហ្នឹង។

នគរធំ ៖ បើសិនជារដ្ឋាភិបាល មិនលុបចោលការប្រលងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នោះទេ តើកញ្ញារិទ្ធិកា សង្ឃឹមថា នាងអាចប្រលងជាប់បាក់ឌុបឆ្នាំនេះទេ?

រិទ្ធិកា ៖ បើសិនជារដ្ឋាភិបាល ឲ្យប្រលងឡើងវិញ សម្រាប់ខ្ញុំអត់បញ្ហាទេ ដោយសារតែខ្ញុំបានត្រៀមខ្លួនប្រលងហើយ ទោះជាខ្ញុំរវល់ការងារសិល្បៈមែន តែខ្ញុំបានត្រៀមខ្លួនប្រលង ហើយខ្ញុំជឿថា ខ្ញុំអត់ធ្លាក់ទេ។

នគរធំ ៖ តើមុខវិជ្ជាណាខ្លះដែលកញ្ញារិទ្ធិកា រៀនបានពិន្ទុខ្ពស់ជាងគេ? នៅថ្នាក់រៀន កញ្ញាជាប់បានលេខប៉ុន្មានដែរ?

រិទ្ធិកា ៖ មុខវិជ្ជាដែលខ្ញុំរៀនពូកែជាងគេ គឺខ្មែរ និងគណិតវិទ្យា។ ពីមុនខ្ញុំក៏ធ្លាប់សិស្សពូកែខាងរូបវិទ្យា ប្រចាំរាជធានី ផងដែរ កាលខ្ញុំរៀនថ្នាក់ទី៩។ តែដល់ថ្នាក់ទី១២ រាងខ្សោយវិញ ដោយសារតែខ្ញុំរវល់ការងារច្រើន អីចឹងរាងខ្សោយជាងមុនបន្ដិច តែមិនមែនអត់ពូកែអត់ចេះនោះទេ។ ចំពោះចំណាត់ថ្នាក់វិញ ប្រចាំឆ្នាំហ្នឹង គឺខ្ញុំជាប់លេខទី១៥ ក្នុងថ្នាក់។

នគរធំ ៖ សំណួរចុងក្រោយ តើក្រោយជាប់បាក់ឌុបដោយស្វ័យប្រវត្តិបែបនេះ កញ្ញារិទ្ធិកា ត្រៀមខ្លួនរៀននៅមហាវិទ្យាល័យណា? ជ្រើសយកជំនាញអ្វីដែរ?

រិទ្ធិកា ៖ សម្រាប់ខ្ញុំត្រៀមនឹងរៀនត ហើយនៅឆ្នាំ២០២១​ខាងមុខនេះហើយ​មុខវិទ្យាដែលខ្ញុំជ្រើសនោះ គឺផ្នែក Business និង Marketing។ ចំពោះសាលាវិញ ខ្ញុំមិនទាន់ជ្រើសទេ គឺកំពុងតែរង់ចាំមើលសិន។

គួរបញ្ជាក់ថា កញ្ញានែប ព្រំរិទ្ធិកា កាន់តែទាក់ទាញនៅពេលដែលនាងថត MV បទ​”ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង” របស់លោកខេមរៈ សិរីមន្ដ ខណៈដែលកន្លងមក អ្នកចម្រៀងរ៉េប លោកផាន់រ៉ុង បានប្រកាសជាសាធារណៈថា នាងជាសង្សាររបស់លោក។ ប៉ុន្ដែព្រំរិទ្ធិកា បានបញ្ជាក់កាលពីពេលថ្មីៗនេះថា បេះដូងនាងនៅទំនេរចែសទៅវិញ ទើបធ្វើឲ្យផាន់រ៉ុង ដាច់ផ្ងារ៕          ហ៊ឹម វិចិត្រ

RELATED ARTICLES