ភ្នំពេញ ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថាការរក្សាបានតម្លៃប្រាក់រៀលនិងកម្រិតអតិផរណាទាបគឺជាការទាក់ទាញនូវលំហូរទុនវិនិយោគបានច្រើននិងក៏បានធ្វើឲ្យទុនបំរុងអន្តរជាតិរបស់កម្ពុជាបានខ្ពស់មផងដែរ។
ឯកឧត្ដមជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឲ្យដឹង ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការវិភាគស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលពីរសប្តាហ៍ដែលបានរៀបចំដោយធនាគារជាតិនៃកម្ពុជា សហការជាមួយមជ្ឈ្មមណ្ឌលseacen center និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់អង្គការរូបិវត្ថុអន្តរជាតិIMFប្រចាំនៅប្រទេសសឹង្ហបុរីកាលពីម្សិលម៉ិញថាបច្ចប្បន្ននេះទុនបំរុងអន្តរជាតិមានប្រមាណ៤.៦ភាគរយ ដែលអាចធានាបានការទូទាត់លើកការនាំចូលបានប្រមាណជាង6ខែ។ចំណែកលំហូរទុនវិនិយោគបរទេសវិញក៏មានចំនួនច្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ឯកឧត្តមបន្តថា ឆ្លងតាមបទពិសោធន៏នៃវិបត្តិសេដ្ឋកិច្ចកន្លងមកបានបញ្ជាក់ឲ្យឃើញថាធនាគារកណ្ដាលនីមួយៗមានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រនិងការដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីគាំទ្រការរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ការរក្សាអាត្រាការប្រាក់។ឯកឧត្តមបន្តថា តាមរយៈនេះបានធ្វើឲ្យប្រទេសនីមួយៗធានាបានស្ថេរភាពហិរញ្ញវត្ថុការនាំចេញនាំចូល ពិសេសការធ្វើឲ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរឹងមាំរួមទាំងបានរួមចំណែកធ្វើឲ្យមានលំហូរទុនវិនិយោគបរទេសកាន់តែច្រើនផងដែរ។ដូចនេះហើយបានជាស្ថាប័នរូបិយវត្ថុធំៗនិងរដ្ឋាភិបាលប្រទេសនីមួយៗក្នុងតំបន់បានយកចិត្តទុកដាក់ក្នុងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។
ដោយឡែកនៅប្រទសកម្ពុជាវិញបានចាត់ទុកការអភិវឌ្ឍឬការគាំទ្រម៉ាក្រូសេដ្ឋកិច្ចមានសារសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេស។ជាក់ស្ដែងនៅក្នុងរយៈពេលពីរទសវត្សក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងស្របពេលដែលកម្ពុជាមានសុខសន្តិភាពនិងមានស្ថេរភាពផ្នែក នោះកម្ពុជាគឺមាការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើររហូតរក្សាកំណើនសេដ្ឋកិច្ចបានក្នុងរង្វង់៧ភាគរយជាប់ៗគ្នានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះៗ ដែលបង្កលក្ខណៈឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះនូវបានរួមចំណែកធ្វើឲ្យអាត្រាប្ដូរប្រាក់មានស្ថេរភាព ការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋបាន១ភាគរយនៅក្នុងមួយឆ្នាំៗទៀតផង។
សិក្ខាសាលាតំបន់ស្ដីពីការវិភាគស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនេះមានមន្ត្រីទទួលបន្តុកការងារម៉ាក្រូសេដ្ឋកិច្ចមកពីធនាគារកណ្ដាល20ប្រទេសដែលជាសមាជិករបស់Seacen centerបានចូលរួមដើម្បីធ្វើការផ្លាស់ប្ដូរចំណេះដឹងនិងបទពិសោធន៍គ្នាលើការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចសម្រាប់ប្រទេសនីមួយៗ៕
ដោយ ៖ គង់ លាងហួរ