Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិដំណាច់​​ត្រីមាស​​ទី៣​ ក្រុម​ហ៊ុន​ជប៉ុន​តូចៗ​មក​វិនិយោគ​នៅ​កម្ពុជា​មាន​កំណើន​ទ្វេរ​ដង

ដំណាច់​​ត្រីមាស​​ទី៣​ ក្រុម​ហ៊ុន​ជប៉ុន​តូចៗ​មក​វិនិយោគ​នៅ​កម្ពុជា​មាន​កំណើន​ទ្វេរ​ដង

       ភ្នំពេញ ៖ ដំណាច់ត្រីមាសទី៣ឆ្នាំនេះ កម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុនជប៉ុនតូចៗ មានកំនើនទ្វេរដងក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងរំពឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។

japen1

លោកអ៊ិន ចាន់នីអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី ដែលជាធនាគារដើរតួនាទីជាអ្នកផ្ទេរ និងទូទាត់សាច់ប្រាក់ជាមួយក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ តុលានេះថា ចំនួនក្រុមហ៊ុនតូចៗមានលក្ខណៈឯកត្តជន ដែលបានវិនិយោគនៅកម្ពុជាកាលពីឆ្នាំមុនមានចំនួន៣២៩ក្រុមហ៊ុន និងបានកើនដល់៦៥៥ក្រុមហ៊ុនក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ស្មើនឹងកំនើន៩៩ភាគរយ។ ចំនែកក្រុមហ៊ុនប្រភេទសាជីវកម្មធំៗ បានកើនឡើងពី២២៤ក្រុមហ៊ុនកាលពីឆ្នាំមុន មកដល់ចំនួន២៨២ក្រុមហ៊ុននៅឆ្នាំនេះ ស្មើនឹងកំនើន២៦ភាគរយ។

លោកបន្តថា “ដោយសារការភ្ជាប់ជើងហោះហើរត្រង់របស់អាកាសចរណ៍ជប៉ុន កម្ពុជារំពឹងថានឹងទទួលបានអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត”។លោកបន្តថា “សុវត្ថិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុន”។

japen2

លោកអ៊ិន ចាន់នីបានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែបង្ហាញកំនើនរឹងមាំ  រយៈពេលវែង ដោយការព្យាករណ៍របស់រដ្ឋាភិបាល ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ នៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនរយៈពេលវែងបន្ថែមទៀត។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា កម្ពុជាបានរៀបចំមូលដ្ឋានគ្រឹះគ្រប់គ្រាន់ហើយ ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគ និងស្នាក់នៅរយៈពេលវែងនៅកម្ពុជា ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគជប៉ុនបានវិនិយោគទៅលើមូលដ្ឋានចាំបាច់មួយចំនួន ដូចជា ខុនដូ សណ្ឋាគារ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោល មន្ទីរពេ ទ្យ ខារ៉ាអូខេជាដើម។

លោកបន្តថា “ការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា កាលពីពេលថ្មី ៗនេះ បានផ្លាស់ប្តូរយ៉ាងធំនៅក្នុងទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយលោករំពឹងថា ចំនួនអ្នកវិនិយោគជប៉ុននឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត”។

គង់ លាងហួរ

RELATED ARTICLES