ផូ មុនីពៅ ដែលជាអតីតពិធីការិនីរបស់ CTN មានស្វាមី ជាង៩ឆ្នាំមកហើយ ក្រោយនាងបានរៀបការជាមួយលោក Eric Boissoneau ដែលជាមន្រ្ដីបម្រើការតាមស្ថានទូតរបស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ ដោយពេលនេះអ្នកទាំង២ ទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះ Alexis Boissoneau។

ពេលនេះ មុនីពៅ និងស្វាមី រួមទាំងកូនប្រុសកំពុងរស់នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្រា្ដលី ហើយអតីតតារាធ្មេញច្រពើសរូបនេះថា បច្ចុប្បន្នជីវិតរបស់នាងមានការផ្លាស់ប្ដូរដល់ទៅ១៩០ដឺក្រេឯណោះ។

ខាងក្រោមនេះ ជាបទសម្ភាសន៍តាមឆាតហ្វេសប៊ុករបស់អ្នកយកព័ត៌មាន ”នគរធំ” ជាមួយអ្នកនាងផូ មុនីពៅ ពីប្រទេសអូស្រា្ដលី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ៖

នគរធំ ៖ តើអ្នកនាងផូ មុនីពៅ សុខសប្បាយទេ? ហើយស្ថានភាពកូវីដ១៩ នៅទីនោះយ៉ាងម៉េចដែរ?
មុនីពៅ ៖ ខ្ញុំសុខសប្បាយធម្មតាទេ ហើយឥឡូវកំពុងរស់នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្រា្ដលី។ ទាក់ទងបញ្ហាកូវីដ១៩ កាលមុនរាងស្ងាត់ហើយ តែឥឡូមកវិញ ទៀតហើយ។ កូវីដ១៩ ចាប់ផ្ដើមអើតៗ មកលើកទី២ទៀតហើយ។ គេចាប់ផ្ដើមប្រកាសបិទកន្លែងឆ្នេរសមុទ្រមួយចំនួន នៅភាគខាងជើងនៅប្រទេសអូស្រា្ដលី។

នគរធំ ៖ តើអ្នកនាងមុនីពៅ ត្រៀមទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅពេលណាដែរ?
មុនីពៅ ៖ បើនិយាយពីវ៉ាក់សាំងវិញ នៅទីនេះរាងស្ងាត់ ដូចអត់ទាន់មានឮព័ត៌មាន ខាងរដ្ឋាភិបាលអូស្រា្ដលី ទិញវ៉ាក់សាំងយកមកចាក់ឲ្យប្រជាជនទេ នៅស្ងាត់នៅឡើយ ឬមួយគាត់រង់ចាំមើលប្រទេសជិតខាងសិន ព្រោះអូស្រ្ដាលី ជាកោះដាច់ពីគេ។ ឲ្យតែមានវ៉ាក់សាំងមកដល់នេះ គឺខ្ញុំសម្រេចចិត្តថាទិញខ្លួនឯង មិនបាច់រដ្ឋាភិបាល ចែកចាយឲ្យ Free ទេ ទៅទិញខ្លួនឯង ទោះជាតម្លៃប៉ុន្មានក៏ទិញដែរ ព្រោះអីចង់ទៅលេងស្រុកខ្មែរ ឆាប់ៗណាស់។

នគរធំ ៖ តើអ្នកនាងមុនីពៅ រង់ចាំឲ្យទាល់តែស្ងាត់កូវីដ១៩ ទាំងស្រុងតែម្ដង ទើបហ៊ានមកលេងស្រុក ឬមួយចង់ប្រថុយមកអំឡុងពេលហ្នឹងដែរ?
មុនីពៅ ៖ បើសិនជាអត់ទាន់មានវ៉ាក់សាំងទេ ខ្ញុំអត់ទាន់ទៅទេ ព្រោះសំខាន់ឲ្យមានវ៉ាក់សាំងចាក់សិន។ បើអត់ទាន់មានវ៉ាក់សាំង ខ្ញុំចាំទាល់តែកូវីដចប់អស់តែម្ដងបានទៅ។ បើនៅតែទៅមកៗ នៅតែមានកូវីដដដែល ខ្ញុំអត់ហ៊ានទៅទេ។ បើមានវ៉ាក់សាំង គឺចាក់ ហើយខ្ញុំទៅស្រុកភ្លាមតែម្ដង។

នគរធំ ៖ តើអ្នកនាងមុនីពៅ ពេលនេះបានផ្ដាច់ខ្លួនពីមិត្តភក្ដិរួមអាជីពទាំងស្រុង ឬក៏នៅតែមានការទាក់ទងគ្នាដែរ ក្រោយឈប់ពីសិល្បៈជាង៩ឆ្នាំនេះ?
មុនីពៅ ៖ ទំនាក់ទំនងជាមួយមិត្តភ្ដិរួមអាជីព គឺនៅតែមាន តែមិនបានទំនាក់ទំនងស្និទ្ធស្នាល ឬជាប្រចាំដូចមុនទេ គ្រាន់តែយូរៗម្ដង ឆាតតាមហ្វេសប៊ុក។ ជាពិសេស មិត្តរួមការងារនៅ CTN នៅស្គាល់គ្នា រាប់អានគ្នានៅឆាតទៅមកៗ សួរពីព័ត៌មានគ្នាទៅវិញទៅមក តែមិនស្និទ្ធស្នាលដូចមុនទេ ព្រោះរាងរយាលៗដែរ។

នគរធំ ៖ តាំងពីអ្នកនាងមុនីពៅ ឈប់ពីសិល្បៈ ក្រោយមានស្វាមីជាមន្រ្ដីស្ថានទូតបារាំង មក ពេលនេះជីវិតនាងមានការផ្លាស់ប្ដូរបែបណាខ្លះដែរ?
មុនីពៅ ៖ បើនិយាយពីជីវិតផ្លាស់ប្ដូរវិញ គឺពេលនេះមិនមែន១៨០ដឺក្រេទេ គឺ១៩០ដឺក្រេតែម្ដង។ ផ្លាស់ប្ដូរទាំងស្រុងតែម្ដង ពីការងារសិល្បៈមកជាម្ដាយ ប្រពន្ធ និងមេផ្ទះ។ មានអារម្មណ៍ថា ខ្លួនឯងមានអារម្មណ៍ធម្មជាតិរបស់ខ្លួនឯងតែម្ដង។ បើប្រៀបធៀបកាលខ្ញុំនៅជាអ្នកសិល្បៈ ទៅណាមកណាត្រូវតែរៀបឬកពារ គេស្គាល់យើងក្នុងទូរទស្សន៍ ការនិយាយស្ដីនៅខាងក្រៅ ក៏ត្រូវតែរៀបឬកពា រ។ តែដល់ពេលយើងចេញពីសិល្បៈម កធ្វើជាម្ដាយ ជាភរិយារបស់គេ អាហ្នឹងគឺធម្មជាតិតែម្ដង ចេញទៅណាមកណាមានអារម្មណ៍ថា ខ្លួនឯងស្រស់ស្រាយ យើងអត់ខ្វល់ពីផ្គាប់ចិត្តអ្នកណា ឬរៀបចរិតឬកពារទេ។ សប្បាយចិត្តនឹងជីវិតសាមញ្ញជាម្ដាយ ជាភរិយា ហើយស្វាមីខ្ញុំយល់ចិត្ត គិតពីគ្រួសារ ១០០% តែម្ដង អីចឹងខ្ញុំសប្បាយចិត្តទៅតាមហ្នឹងដែរ។

នគរធំ ៖ សំណួរចុងក្រោយ តើអ្នកនាងមុនីពៅ ត្រៀមពពោះកូនទី២ នៅពេលណាដែរ?
មុនីពៅ ៖ គម្រោងចង់បានកូន១ទៀត ខ្ញុំព្យាយាម និងយក ព្រោះបច្ចុប្បន្ននេះកូនប្រុសខ្ញុំអាយុ៣ឆ្នាំហើយ។ ខ្ញុំពិភាក្សាជាមួយគ្រួសារខ្ញុំថា ពេលកូនខ្ញុំអាយុ៣ឆ្នាំ ចាប់ផ្ដើមគិតយកកូន១ទៀត តែមិនដឹងថា គាត់មកពេលណាទេ តែឥឡូវបើកទូលាយក្នុងការយកកូនទី២ ហើយ។ មិនថា ស្រីឬប្រុសទេ ឲ្យតែមាន គឺស្រលាញ់ដូចគ្នា បើបានមក គឺ OK ហើយ ឥឡូវកំពុងតែព្យាយាមហើយ។ ចំពោះស្វាមីរបស់ខ្ញុំគាត់នៅធ្វើការនៅអូស្រា្ដលី ២ឆ្នាំទៀត តែមិនទាន់ដឹងថា ចប់អាណត្តិពីហ្នឹងគាត់ទៅប្រទេសណាទៀតទេ។ ប៉ុន្ដែតាមចិត្ត ខ្ញុំចង់ឲ្យគាត់ទៅធ្វើការជិតៗស្រុកខ្មែរ ដូចជា ថៃ, វៀតណាម ឬសាំងហ្គាពួរ (សិង្ហបុរី) ជាដើម ព្រោះងាយចេញចូលខ្មែរ ដោយសារក្រុមគ្រួសារបងប្អូនខ្ញុំនៅខ្មែរ ទាំងអស់ ៕
ហ៊ឹម វិចិត្រ