ភ្នំពេញ ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៧៩ ០៦០ ០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី បន្ថែមពីលើថវិការបស់សាខាចំនួន ២១ ២៤០ ០០០រៀល ដើម្បីចាត់ចែងទិញស្បៀងអាហារ រួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១១៨០គ្រួសារ រស់នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗ នឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។
នៅថ្ងៃដដែលនោះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ថវិកាចំនួន ១១៤ ៧៨៥ ៥០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីចាត់ចែងទិញស្បៀងអាហារ រួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៣២៧គ្រួសារ រស់នៅក្នុងស្រុកវើនសៃ ស្រុកអណ្តូងមាស ស្រុកបរកែវ ស្រុកលំផាត់ និងស្រុកអូរជុំ ខេត្តរតនគិរី។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗ នឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ១០៤ ៩៤២គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០ ៥៩៣គ្រួសារ រស់នៅភូមិចំនួន ១០៤១ ឃុំចំនួន ៤៤៨ ស្រុកចំនួន ១៧៩ និងរាជធានី-ខេត្ត ចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាល ចំនួន ១៤ ៩៨៦គ្រួសារ និងដោយសាខា ចំនួន ២៥ ៦០៧គ្រួសារ)៕