ភ្នំពេញ ៖ ថៅកែថ្មីរបស់តារាចម្រៀងមាស សុខសោភា គឺលោកស្រីនួន ស៊ុន្ទរី ហៅស្រីអូន ថៅកែផលិតកម្ម រាម និងក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលល្បីឈ្មោះក្នុងការងារសប្បុរសធម៌ជួយសង្គមនោះ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំរបស់ខ្លួន ស្ត្រីចិត្តធម៌រូបនេះ បានផ្តល់អំណោយមនុស្សធម៌បន្ថែម ចំនួន១០ម៉ឺនដុល្លារអាមេរិកទៀត ថែមពីលើអំណោយមនុស្សធម៌ដែលបានបរិច្ចាគជួយសង្គម ជាពិសេសថ្មីៗនេះ លោកស្រីបានបរិច្ចាគថវិកាចំនួន១៥ម៉ឺនដុល្លារ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ដែលសរុបថវិកាដែលលោកស្រីបានបរិច្ចាគកន្លងទៅមានចំនួនជាង៣០ម៉ឺនដុល្លារហើយ។

លោកស្រីនួន ស៊ុន្ទរី ហៅស្រីអូន បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថា «នាងខ្ញុំ ស្រីអូន និងស្វាមី ឈាង រ័ត្ន បានឧបត្ថម្ភថវិកាចំនួន៤០០ ០០០ ០០០រៀល (១០ម៉ឺនដុល្លារ) ដល់កាកបាទក្រហមកម្ពុជាសម្រាប់ចាត់ចែងនាំយកអំណោយនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយផ្ទាល់ដៃ។

ដើម្បីអបអរថ្ងៃខួបអាពាហ៍ពិពាហ៍ ៣ឆ្នាំ របស់ពួកយើង។ ជូនបុណ្យផងបងប្អូនប្រជាពលរដ្ឋខ្មែរ!»។
ដោយឡែក កាកបាទក្រហមកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) និងលោក ឈាង រ័ត្ន ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០ ០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយផ្ទាល់ដៃ។

កាកបាទក្រហមកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោកស្រី នួន ស៊ុន្ទរី និងស្វាមី ដែលមានទឹកចិត្តធំធេងក្នុងការជួយដល់ប្រជាពលរដ្ឋ តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ១០៤ ៩៤២គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០ ៥៩៣គ្រួសារ រស់នៅភូមិចំនួន ១០៤១ ឃុំចំនួន ៤៤៨ ស្រុកចំនួន ១៧៩ និងរាជធានី-ខេត្ត ចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាល ចំនួន ១៤ ៩៨៦គ្រួសារ និងដោយសាខា ចំនួន ២៥ ៦០៧គ្រួសារ)»។

គួរបញ្ជាក់ថា លោកស្រីនួន ស៊ុន្ទរី ថៅកែផលិតកម្ម រាម និងក្រុមហ៊ុនសម្រស់ធម្មជាតិ ក្រៅពីលេចធ្លោខាងសកម្មភាពមនុស្សធម៌ ថ្មីៗនេះ កាន់តែលេចធ្លោថែមទៀត បន្ទាប់ពីអាចទាក់ទាញតារាចម្រៀងល្បីលំដាប់កំពូលប្រចាំប្រទេស គឺអ្នកនាង មាស សុខសោភា ឲ្យចូលក្នុងផលិតកម្មថ្មីសន្លាងរបស់លោកស្រី។
បើតាមលោកស្រីនួន ស៊ុន្ទរី ហៅស្រីអូន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ នេះ ក្រៅពីការបរិច្ចាគថវិកា ១០ម៉ឺនដុល្លារអាមេរិក ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងឱកាសខួបកំណើតគម្រប់២ឆ្នាំ កូនស្រីដំបូងរបស់ខ្លួន លោកស្រីនួន សុន្ទរី និងស្វាមី បានផ្តល់កាដូជាថវិកាចំនួន៨០២ ០០០ ០០០លានរៀល (២០ម៉ឺន ៥រយដុល្លារ) ជួយដល់សង្គម ក្នុងនោះរួមមាន ៖

ជួយដល់រដ្ឋាភិបាលចំនួន៦០០ ០០០ ០០០រៀល (១៥ម៉ឺនដុល្លារ) សម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ត្រៀមថវិកា ១២០ ០០០ ០០០ (៣ម៉ឺនដុល្លា) សម្រាប់ជួយដល់កុមាររងគ្រោះដែលលោកស្រីជួយចិញ្ចឹមនៅអង្គការអាហ្វេស៊ីពកម្ពុជា របស់លោកស្រី ម៉ម សុម៉ាលី សម្រាប់ខែធ្នូ ឆ្នាំ២០២០ ឧបត្ថម្ភថវិកាចំនួន៦៤ ០០០ ០០០រៀល (១ម៉ឺន៦ពាន់ដុល្លារ) ជួយលើកស្ទួយក្បាច់គុនបុរាណខ្មែរល្បុក្កតោ ជួយឧបត្ថម្ភថវិកា១០ ០០០ ០០០រៀល សម្រាប់ធ្វើផ្លូវនៅឃុំស្វាយអំពា ខេត្តកណ្ដាល និងជួយថវិកា៨ ០០០ ០០០រៀល សម្រាប់ធ្វើផ្លូវនៅកោះច្រែង ខេត្តក្រចេះ ជាដើម។

ក្រៅពីនេះ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋកម្ពុជា ជួបគ្រោះទឹកជំនន់ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន នាពេលកន្លងទៅនេះ លោកស្រីនួន សុន្ទរី និងស្វាមីក៏បាននាំយកអំណោយជាថវិកា និងស្បៀងអាហារ ចុះទៅចែកជូនប្រជាជនរងគ្រោះដោយផ្ទាល់ដៃផងដែរ។

ជាមួយនេះ ថ្មីៗនេះ លោកស្រីថៅកែផលិតកម្ម រាម រូបនេះ ក៏បានទទួលយកតារាសម្តែងជើងចាស់ ដែលមានជីវភាពខ្វះខាត ចំនួន ៤នាក់ មកធ្វើជាម្ដាយធម៌ ដើម្បីផ្គត់ផ្គង់និងមើលថែ ធានារ៉ាប់រងសុខភាព ផ្ដល់ដើមទុនរកស៊ី និងផ្ដល់កន្លែងស្នាក់នៅទៀតផង។

ដោយសារសកម្មភាពមនុស្សធម៌ដ៏ប្រពៃខាងលើនេះហើយ ទើប កន្លងមកនេះ លោកស្រី និងស្វាមី ដែលជាអគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស មុនីសារភណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនផងដែរ៕