ខេត្តព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន បន្ទាប់ពីបានងារមេម៉ាយ ថាធ្វើឲ្យនាងរំភើបឡើងស្រក់ទឹកភ្នែក ក្រោយពីជីវិតគូរបស់នាងជាមួយស្វាមីជួបភាពរកាំរកូសមិនចុះសម្រុងគ្នា រហូតនាងសម្រេចលែងលះស្វាមី ក្រោយពីរួមរស់បានកូនមួយ។
នារីវ័យក្មេងរូបស្រស់ដែលរំភើបពេលមានឈ្មោះមេម៉ាយនោះ មានឈ្មោះ លី វណ្ណរក្សា អាយុជា២០ឆ្នាំ របស់នៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ចំណែកបុរសជាប្តី មានឈ្មោះណុប ដារ៉ូ អាយុជាង២០ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិខាងលើ។ គូស្វាមីភរិយានេះ មានកូនប្រុសម្នាក់ អាយុជាង២ឆ្នាំ។
តាមប្រភពនារីជាប្រពន្ធ ឈ្មោះលី វណ្ណរក្សា បានឲ្យដឹងថា តាមពិតនាងមិនចង់លែងប្តី មានឈ្មោះជាស្រីមេម៉ាយនោះទេ តែដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ទើបនាងសម្រេចលែងលះជាមួយស្វាមី។
ប្រភពដដែល បន្តថា ពាក់ព័ន្ធបណ្តឹងលែងលះរបស់នាងត្រូវសាលាដំបូងខេត្តព្រះសីហនុ កោះហៅឡើងតុលាការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ បន្ទាប់ពីនាងបានដាក់ពាក្យប្តឹងលែងប្តី ទៅសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកស្រីលី វណ្ណរក្សា បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ថា «តាំងពីបានងារជាមេម៉ាយមក រំភើបឡើងស្រក់ទឹកភ្នែកហើយ ហើយក៏អរគុណដល់បងៗ អូនៗដែលឆាតមកលើកទឹកចិត្ត និងផ្ដល់កម្លាំងដល់រូបនាងខ្ញុំអរគុណមែនទែន! ខ្ញុំក៏ត្រូវរឹងមាំបន្តទៀត ព្រោះខ្ញុំបានដើរមកឆ្ងាយហើយ
ផ្លូវមួយនេះ ខ្ញុំជាអ្នករើសដើរដោយខ្លួនឯង ទោះបីមានឧបសគ្គ ក៏ខ្ញុំត្រូវតែជម្នះដើរទៅមុខបន្ដ។ រាល់ថ្ងៃនេះ អត់សរសើរខ្លួនឯងមិនបានទេ ជួបបញ្ហាលំបាកក្នុងជីវិតច្រើនណាស់ដែរ តែនៅតែមុខក្រាស់ រស់បន្តបានទៀត»។
ដោយឡែក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ត្រីខាងលើ បានបង្ហោះដីកាកោះអញ្ជើញរបស់ចៅក្រម តាក់ គឹមសៀ នៃសាលាដំបូងខេត្តព្រះសីហនុ ក្នុងគណនីហ្វេសប៊ុកដដែលជាមួយសំណេរថា «ជួបគ្នាថ្ងៃទី២៣ អត់មានស្រីណាម្នាក់ដែរចង់ជាប់ឈ្មោះជាស្រីមេម៉ាយទេ ហើយក៏គ្មានស្រីណាម្នាក់ចង់លែងលះស្វាមីដែរ តែបើទ្រាំរស់នៅក្នុងជីវិតគូដែលមិនចុះសម្រុងនឹងគ្នា សួរថាមានក្ដីសុខទេ? មិនបន្ទោសអ្នកណា ដឹងត្រឹមថា យើងទាំងពីរនៅ ជាមួយគ្នាលែងបានហើយ! ហើយបើសួរថា អូននៅស្រលាញ់បងទេ? ខ្ញុំក៏ឆ្លើយទាំងញញឹមថា អូននៅតែស្រលាញ់បងដូចថ្ងៃដែលផ្ដើម ខ្ញុំនៅតែដូចមុន អ្នកដែលមិនដូចមុន គឺបង
អារម្មណ៍ល្អៗដែលមានចំពោះបង កន្លងមក នៅដូចដើម តែអូនសុំមិនត្រឡប់ទៅអានសៀវភៅចាស់ៗដែលធ្លាប់អានហើយនោះទេ ព្រោះសាច់រឿងនិងអត្ថន័យវាដដែលៗ។ ជូនពរឲ្យបងជោគជ័យក្នុងជីវិត ជួបតែជីវិតគូដែលមានក្ដីសុខ! អ្វីដែលធ្វើឲ្យខ្ញុំតូចចិត្តនោះគឺមើលទៅកូនគេ មានទ្រនំជួបជុំ តែកូនខ្ញុំវិញ បែរជាមានទ្រនំបាក់មែក តែមិនជាអ្វីទេម៉ាក់នឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យកូនមានក្ដីសុខបំផុត តាមដែលម៉ាក់អាចធ្វើទៅបាន ម៉ាក់សន្យា (ដារិទ្ធ)។ ឆ្លៀតឱកាសនេះ ប្រម៉ូតខ្លួនឯងបន្តិច អូនមេម៉ាយចាយរាង»៕