Saturday, July 26, 2025
Homeព័ត៌មានជាតិកណ្តាលថ្ងៃត្រង់ចែស ព្រះចៅអធិការ និមន្តមកកុដិវិញ ស្រាប់តែជួបរឿងបែបនេះ

កណ្តាលថ្ងៃត្រង់ចែស ព្រះចៅអធិការ និមន្តមកកុដិវិញ ស្រាប់តែជួបរឿងបែបនេះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យមិនស្គាល់មុខជាចោរទមិឡមួយក្រុម ឆ្លៀតពេលដែលព្រះចៅអធិការ និងព្រះសង្ឃគង់ក្នុងវត្ត បាននិមន្តឡើងលើសាលាឆាន់ ដើម្បីឆាន់ចង្ហាន់ថ្ងៃត្រង់ បានធ្វើសកម្មភាពលួចគាស់កុដិព្រះគ្រូចៅអធិការ ទាំងកណ្តាលថ្ងៃត្រង់ រួចប្រមូលយកលុយកាក់របស់ទ្រព្យមានតម្លៃហ្មត់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងកុដិព្រះចៅអធិការវត្តមុនីហែមវ័ន ប៉ោយចារ ស្ថិតក្នុងភូមិប៉ោយចារ ឃុំទឹកជោត ស្រុកព្រះនេត្រព្រះ។

ព្រះសង្ឃរងគ្រោះ ដែលត្រូវបានចោរលួចគាស់កុដិលួចបច្ច័យអស់នោះ មានព្រះនាម អ៊ុល ឈី ព្រះជន្ម ៧០វស្សា ជាព្រះចៅអធិការវត្តមុនីហែមវ័ន ប៉ោយចារ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ព្រះគ្រូចៅអធិការវត្ត ព្រះនាម អ៊ុល ឈី បាននិមន្តចេញពីកុដិធ្វើអំពីបេតុងផ្ទាល់ដី ដែលជាកន្លែងព្រះសង្ឃគង់នៅ ស្ថិតនៅផ្នែកខាងត្បូងក្នុងបរិវេណវត្ត ដើម្បីទៅឆាន់ចង្ហាន់ថ្ងៃត្រង់ នៅលើសាលាឆាន់ ដែលស្ថិតនៅខាងជើងកុដិ ប្រហែល១០០ម៉ែត្រ ដោយមុនពេលព្រះចៅអធិការនិមន្តចេញពីកុដិ ថែមទាំងបានបិទបង្អួចនិងចាក់សោទ្វារយ៉ាងរឹងមាំទៀតផង។

ប្រភពដដែល បន្តថា លុះប្រមាណជាងកន្លះម៉ោង ក្រោយពេលដែលឆាន់ចង្ហាន់រួច ព្រះចៅអធិការ បាននិមន្តមកកុដិវិញ ក៏ស្រាប់តែស្រឡាំងកាំងតែម្តង នៅពេលឃើញសោទ្វារកុដិរបើក (ឆ្កឹះមេសោ) លុះពេលនិមន្តចូលទៅដល់ក្នុងកុដិ ក៏មើលឃើញហឹបធ្វើអំពីស័ង្កសីទំហំ៤តឹក គុណនឹង២តឹក ដែលទុកនៅក្រោមគ្រែចាក់សោជិតនោះ ត្រូវចោរកាត់រហែកផ្នែកខាងលើ រួចលួចយកប្រាក់នៅក្នុងធុងនោះ អស់ចំនួន៩លានរៀល ប្រាក់ដែលទុកនៅលើគ្រែ អស់ចំនួន៣លាន៣សែនរៀល និង១ម៉ឺនបាត រួមទាំងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO។

ក្រោយពីហេតុការណ៍នោះកើតឡើង កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់ និងបានធ្វើការពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាចោរគាស់កុដិព្រះចៅអធិការ យកអស់ប្រាក់ទាំងកណ្តាលថ្ងៃត្រង់នោះ។

ជាមួយគ្នានោះដែរ ព្រះចៅអធិការវត្ត ក៏មានការសោកស្តាយស្ទើរតែស្រក់ទឹកនេត្រាទៅហើយ ក្នុងការបាត់បង់ប្រាក់ដែលចោរលួចយកអស់ទៅ ដោយព្រះចៅអធិការវត្ត មានថេរដីកាទៅកាន់សមត្ថកិច្ចថា ប្រាក់ចំនួន ៩លានរៀលនោះ ជាប្រាក់របស់វត្ត ដែលបានមកពីសទ្ធារបស់ពុទ្ធបរិស័ទចូលបុណ្យជាបន្តបន្ទាប់។ ចំណែកប្រាក់ចំនួន ៣លាន៥សែនរៀល និង១ម៉ឺនបាត ព្រមទាំងទូរស័ព្ទ១គ្រឿងនោះ គឺជារបស់ព្រះអង្គផ្ទាល់។

ចៅអធិការវត្ត បានបញ្ជាក់បន្ថែមថា មុនពេលព្រះអង្គនិមន្តចេញពីកុដិ ទៅសាលាឆាន់នោះ ក៏បានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្លៀកពាក់ស្អាតបាត ទៅអង្គុយលើម៉ូតូ ១គ្រឿង នៅខាងលិចកុដិ ប្រហែល ២៥ម៉ែត្រ តែព្រះអង្គមិនបានចាប់អារម្មណ៍នោះទេ លុះពេលព្រះអង្គនិមន្តមកពីសាលាឆាន់វិញ ស្រាប់តែបាត់មនុស្សនោះដែរ។ ដូច្នោះមនុស្សនោះហើយ អាចជាចោរគាស់ទ្វារកុដិព្រះអង្គ លួចយកអស់ប្រាក់ទាំងកណ្តាលថ្ងៃត្រង់នោះ៕

RELATED ARTICLES