Saturday, July 26, 2025
Homeព័ត៌មានជាតិម្ចាស់ផ្ទះក្រោកពីដំណេក អុជទានថ្វាយបង្គំព្រះ ផ្អើលទាំងកណ្តាលអាធ្រាត្រ

ម្ចាស់ផ្ទះក្រោកពីដំណេក អុជទានថ្វាយបង្គំព្រះ ផ្អើលទាំងកណ្តាលអាធ្រាត្រ

ខេត្តបាត់ដំបង ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលអធ្រាត្រ បង្កឱ្យរងការខូចខាតផ្ទះ១ខ្នង និងរោងផ្ទុកអីវ៉ាន់១ខ្នង ដោយសារមូលហេតុ ម្ចាស់ផ្ទះក្រោកពីកណ្តាលអធ្រាត្រដុតទានទុកថ្វាយបង្គំព្រះ ធ្វើឱ្យបង្កជាការឆាបឆេះឡើងតែម្តង។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុមទី១៩ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ផ្ទះដែលទទួលរងការឆាបឆេះជាប្រភេទផ្ទះតៀមសង់ផ្ទាល់ដី មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជីងស័ង្កសី (ខូចខាតទាំងស្រុង) ដែលមានម្ចាស់ឈ្មោះយាន វឿត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល រួមនិងសម្ភារខូចខាត រួមមាន កង់ចំនួន១គ្រឿង និងគ្រែដេក១ សរុបជាទឹកប្រាក់ចំនួន១០០០ដុល្លារ រួមនឹងរបស់របរជាច្រើនទៀត។

ចំណែករោងផ្ទុកអីវ៉ាន់១ខ្នងដែលទទួលរងការឆាបឆេះដែរនោះ មានទំហំ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដំបូលស័ង្កសី និងជញ្ជាំងស្បូវ (ខូចខាតប្រមាណ២០ភាគរយ) ដែលម្ចាស់រោងមានឈ្មោះវង់ សុផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល សរុបជាទឹកប្រាក់ចំនួន១០០ដុល្លារ។

ប្រភពដដែលបានឱ្យដឹងថោ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ក្រោយទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចជំនាញបាន ចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន១ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង មិនឱ្យឆេះ រាលដាលទៅផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនមាននរណាម្នាក់រងរបួសដែរ។

ជាមួយគ្នានេះដែរក្រោយពន្លត់ចប់ សមត្ថកិច្ចបានធ្វើការសាកសួរជំវិញករណីខាងលើ និងបានសន្និដ្ឋានថា មូលហេតុដែលផ្តើមឱ្យមានអគ្គិភ័យឆេះឡើងនេះ គឺបណ្តាលមកពីលោកតា យាន វឿត ដែលជាម្ចាស់ផ្ទះខាងលើបានដុតទៀនទុកចោល ដើម្បីថ្វាយបង្គំព្រះពេលទៀបភ្លឺ ទើបបណ្តាលឱ្យឆាបឆេះផ្ទះឡើងតែម្តងទៅ៕

RELATED ARTICLES