ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានធ្វើដំណើរចេញពីផ្ទះ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅបុណ្យឪពុកនៅឯខេត្តតាកែវ លុះពិធីបុណ្យចប់រួចរាល់ បានឡើងរថយន្តឈ្នួលចេញពីតាកែវ មកចុះត្រឹមភ្នំពេញ ដើម្បីឡើងរថយន្តក្រុង បន្តដំណើរមកប៉ោយប៉ែត ស្រាប់តែមកដល់ត្រឹមភ្នំពេញ ក៏បាត់ខ្លួនសូន្យឈឹងអស់រយៈពេល២ថ្ងៃ សូម្បីតែទូរស័ព្ទក៏មិនអាចទាក់ទងបាន ធ្វើឱ្យក្រុមគ្រួសារភ័យបារម្ភដើរតាមរកសព្វកន្លែង។

យុវតីដែលបាត់ខ្លួនខាងលើនេះ មានឈ្មោះ ភន ស្រីខួច អាយុ១៧ឆ្នាំ មានលំនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីសាច់ញាតិរបស់យុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ យុវតីរូបនេះ បានធ្វើដំណើរចេញមកពីក្រុងប៉ោយប៉ែត ដើម្បីទៅចូលរួមបុណ្យឪពុករបស់ខ្លួន នៅឯខេត្តតាកែវ។ លុះក្រោយពេលដែលពិធីបុណ្យបានបញ្ចប់រួចរាល់ យុវតីរូបនេះ ក៏បាន ឡើងជិះរថយន្តតាក់ស៊ី ចេញពីខេត្តតាកែវ មកឈប់នៅភ្នំពេញ ដើម្បីបន្តដំណើរមកផ្ទះ នៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះពេលមកដល់ម្តុំមុខមន្ទីរពេទ្យរុស្ស៊ី ក៏ចុះពីតាក់ស៊ី រួចក៏បាត់ខ្លួនរហូតតែម្តង អស់រយៈពេល ២ថ្ងៃមកហើយ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះសូម្បីតែទូរស័ព្ទ ក៏មិនអាចទាក់ទងបាន មិនដឹងថា មានសុខទុក្ខយ៉ាងណាឡើយ។

សាច់ញាតិរបស់យុវតីដែលបានបាត់ខ្លួនខាងលើ បានប្រកាសដំណឹងតាមគណនីបណ្តាញសង្គមហ្វេសប៊ុក ថា “សូមបងប្អូនជួយស៊ែរផង ក្មួយខ្ញុំ បានបាត់ខ្លួននៅម្តុំពេទ្យរុស្ស៊ី ភ្នំពេញ ចំនួន ២ថ្ងៃហើយ។ គាត់មកពីបុណ្យឪពុក នៅតាកែវ ហើយត្រូវត្រឡប់ទៅផ្ទះ នៅប៉ោយប៉ែត វិញ។ គាត់ជិះតាក់ស៊ី មកចុះនៅពេទ្យរុស្ស៊ី ហើយក៏បាត់រហូតដល់ឥឡូវ ទូរស័ព្ទក៏តេមិនចូល។

បើមានអ្នកឃើញក្មេងភិនភាគដូចក្នុងរូប សូមជួយទាក់ទងមកលេខ ០៧០ ៦០២ ៣២២, ០១៧ ៤០២ ០០៣ និង ០៩៦ ២៨៨ ៦៩ ៨៨ គាត់ឈ្មោះ ភន ស្រីខួច អាយុ១៧ឆ្នាំ…”៕