ឱក សុគន្ធកញ្ញា បានចេញមុខមកវិញ ក្រោយសម្រាលកូនបានជាង១ឆ្នាំនេះ តាមរយៈការច្រៀង Cover បទចម្រៀងរបស់លោកខេមរៈ សិរីមន្ដ “ឆ្នាំនេះ បងមើលកាំជ្រួចជាមួយអ្នកណា?”។

ប្អូនថ្លៃថៅកែហង្សមាស រូបនេះ បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាងថា មានចិត្តមិនប្រែប្រួលចំពោះរូបនាង ហើយបទចម្រៀងថ្មីៗរបស់នាងនឹងចាប់ផ្ដើមចេញមកវិញ ក្នុងពេលឆាប់ៗនេះហើយ។

គេកត់សម្គាល់ថា ការច្រៀង Cover បទលោកខេមរៈ សិរីមន្ដ របស់ឱក សុគន្ធកញ្ញា នៅពេលនេះ ហាក់ដូចជាតារាកូន១រូបនេះ ចូលទៅជំនួសកញ្ញាវី ឌីណែត ដែរ ព្រោះថាកន្លងមកតារាស្រីនៅហង្សមាស មានតែកញ្ញាឌីណែត ទេ ដែលច្រៀង Cover បទល្បីៗរបស់សិរីមន្ដ ច្រើនជាងគេ ដូចជាបទ ”ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” និងបទ ”ខ្ញុំលែងត្រូវការស្នេហា” ជាដើម។

ប៉ុន្ដែសម្រាប់ឱក សុគន្ធកញ្ញា ទោះជាពេលនេះនាងក្លាយទៅជាតារាចម្រៀងដែលមានឥទ្ធិពលជាងគេនៅហង្សមាស ក្រោយបានធ្វើជាប្អូនថ្លៃថៅកែផលិតកម្មធំនេះក្ដី តែនាងមិនដែលប្រកាន់ខ្លួនឡើយ គឺធ្លាប់ទាំងច្រៀង Cover បទរបស់សិស្សប្អូន ចាន់ សុបញ្ញា “ស្រលាញ់អ្នកណា ក៏គេមានសង្សារ” ផងដែរ បើទោះជាបទនោះត្រូវធ្លាក់មកដៃនាងច្រៀងមុនក៏ដោយ ប៉ុន្តែនាងបែរជាសុខចិត្តច្រៀងតាមក្រោយទៅវិញ។

ឱក សុគន្ធកញ្ញា បានក្លាយទៅជាដៃគូចម្រៀងរបស់លោកខេមរៈ សិរីមន្ត ក្រោយពីកំពូលតារាចម្រៀងព្រាប សុវត្ថិ ដើរចេញ។ សុគន្ធកញ្ញា ក៏តែងតែផ្ដល់កម្លាំងចិត្តដល់លោកសិរីមន្ត ជាញឹកញាប់ផងដែរ ទើបពេលនេះពួកគេកាន់តែចុះសម្រុងគ្នាល្អក្នុងការចាប់ច្រៀងសម្ដែង ខណៈដែលមជ្ឈដ្ឋានមហាជនមើលឃើញថា តួឯកស្រីប្រុសរបស់ហង្សមាស នៅពេលនេះ គឺឱក សុគន្ធកញ្ញា-ខេមរៈ សិរីមន្ដ នេះឯង។

ទោះជាយ៉ាងណា គេទាន់ហ៊ានសន្និដ្ឋានជាមុនបានទេថា តើក្រោយស្ងប់ស្ងាត់គ្មានបទល្បីដូចមុន ជាង១ឆ្នាំនេះ ការវិលមកវិញរបស់សុគន្ធកញ្ញា នឹងនៅតែខ្លាំងដូចកាលនៅក្រមុំ ទៀតឬយ៉ាងណា?៕


