Friday, July 25, 2025
Homeតារាខ្មែរកូនភ្លោះ៣ ចៅសម្តេចហ៊ុន​ សែន កើតក្នុងគ្រួសារអតីតតារាសម្តែង ជុំ​ ស៊ីថា

កូនភ្លោះ៣ ចៅសម្តេចហ៊ុន​ សែន កើតក្នុងគ្រួសារអតីតតារាសម្តែង ជុំ​ ស៊ីថា

ភ្នំពេញ ៖ កូនភ្លោះ៣ ដែលជាចៅសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកើតក្នុងគ្រួសារអតីតតារាសម្តែង លោកជុំ ស៊ីថា ដែលភរិយាលោកបានសម្រាលកូនភ្លោះ៣ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរពេទ្យឯកជន ខេម៉ា នារាជធានីភ្នំពេញ។

​អតីត​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ លោកជុំ ស៊ីថា ដែលសព្វថ្ងៃមានមុខរបរជាមន្ត្រីនគរបាល បានឲ្យដឹងថា ភរិយារបស់លោក បាន​សម្រាល​កូន​ដោយ​សុវត្ថិភាព ​កាល​ពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ​ដោយ​វះកាត់ ​នៅ​​មន្ទីរ​ពេទ្យ​ឯកជន ​ខេម៉ា បន្ទាប់​ពី​ភរិយា​លោក ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ ​អស់​រយៈ​ពេល ​២០​ថ្ងៃ ដើម្បី​ត្រៀម​សម្រាល ហើយគ្រូពេទ្យជំនាញថា​មិនអាចបន្តពន្យារពេលតទៅទៀតបាន។

សូមបញ្ជាក់ថា មុនពេលបានកូនភ្លោះ៣ នេះ លោកជុំ ស៊ីថា ​មាន​កូនស្រីម្នាក់ និង​ប្រុស​ម្នាក់រួច​ទៅ​ហើយ។ កូន​ភ្លោះ​៣ ដែលទើបសម្រាលនេះ (ប្រុស២ ស្រី១) ដោយ​កូនភ្លោះ​ទី១ កើតមុនគេ ជា​កូន​ប្រុស ​ទី២ ជា​កូន​ស្រី និង​ទី៣ ជា​កូន​ប្រុស។

លោកជុំ ស៊ីថា បានឲ្យដឹងថា បន្ទាប់ពីភរិយាលោកបានសម្រាលកូនភ្លោះ៣ នេះដោយសុវត្ថិភាពហើយ ​លោកនិង​ភរិយា លែង​យក​កូន​បន្ថែម​ទៀត​ហើយ ព្រោះពេលនេះលោកមានកូន ៥នាក់ទៅហើយ ម្យ៉ាងលោក​អាណិត​ភរិយា​ក្នុងការពពោះ និងសម្រាលកូន ជាពិសេសការពពោះ​កូន​ភ្លោះ​ដល់​ទៅ៣​នាក់ លើចុងក្រោយនេះ។

ប៉ុន្តែយ៉ាងណា នៅពេលនេះ​លោក​បានធូរចិត្ត និង​សប្បាយ​ចិត្ត​ជា​ខ្លាំង បន្ទាប់ពីភរិយាលោកសម្រាលកូនភ្លោះ៣ ដោយសុវត្ថិភាព និង​មាន​សុខភាព​ល្អ ​ទាំង​ម្ដាយនិង​កូន។ ជាមួយនេះលោកក៏សូមអរគុណដល់មិត្តភក្តិ ​បង​ប្អូន​ទាំង​អស់​គ្នា ​សម្រាប់​ការ​ជូនពរ​ដ៏​មាន​តម្លៃ​ដល់​ប្រពន្ធនិងកូន​របស់លោក៕

RELATED ARTICLES