ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែកូនក្រមុំ ត្រូវបុរសជាសង្សារចាស់ លួងលោមពង្រត់ចេញពីផ្ទះបាត់ ទោះជាប្រឹងតាមរកយ៉ាងណា ក៏មិនមានតម្រុយសោះ ធ្វើឱ្យភាគីកូនកំលោះពិបាកចិត្ត បាយមិននឹក ទឹកមិនស្រេក ដង្ហោយហៅគូដណ្តឹងឱ្យវិលត្រឡប់មកវិញ ទោះអូនអស់ហ្ស៊ីន ក៏បងព្រមទទួលជាប្រពន្ធដែរ។
ករណីនារីរូបស្រស់ ជិតចូលរោងការ រត់តាមអតីតសង្សារបាត់នោះ បានកើតឡើង តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយកូនក្រមុំរូបនេះ បានបាត់ចេញពីបន្ទប់ជួល ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ រហូតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ទើបឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរត់មកសុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ដើម្បីផ្តល់ដំណឹងឱ្យកូនស្រីបានដឹងថា ឪពុកម្តាយ ពិសេសគូដណ្តឹង កំពុងទន្ទឹងចាំផ្លូវយ៉ាងអន្ទះសា មិនតែប៉ុណ្ណោះបុរសជាគូដណ្តឹងបានបញ្ជាក់ថា រូបគេមិនប្រកាន់ខឹងនឹងគូដណ្តឹងទេ ទោះនាងអស់ហ្ស៊ីន ក៏គេព្រមទទួលយកដែរ សំខាន់ឱ្យតែនាងវិលត្រឡប់មកវិញដោយសុវត្ថិភាព ដើម្បីរៀបការតាមពេលាកំណត់ខាងមុខនេះ។

យុវតីដែលជិតដល់ថ្ងៃចូលរោងការ រត់តាមគូដណ្តឹងនោះ ត្រូវបានឪពុកម្តាយឲ្យដឹងថា មានឈ្មោះវឿន កញ្ញា អាយុ១៩ឆ្នាំ ជាកូនទោលក្នុងគ្រួសារ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុនបាត់ខ្លួន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកយុវជនជាសង្សារចាស់របស់យុវតីខាងលើ ដែលឪពុកម្តាយខាងស្រីអះអាង ជាអ្នកលួងលោមពង្រត់កូនក្រមុំគាត់ចេញពីផ្ទះនោះ មានឈ្មោះភាព អាយុជាង២០ឆ្នាំ។
តាមសម្តីបុរសឈ្មោះផាត់ វន់ អាយុ៣៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះង៉ូយ ហេន មុខរបរជាអ្នកលក់ដូរ និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវជាឪពុកម្តាយបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះវឿន កញ្ញា ជិតដល់ថ្ងៃរៀបការទៅហើយ ដោយនាងត្រូវរៀបការជាមួយគូដណ្តឹង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុននេះ ស្រាប់តែសង្សារចាស់របស់នាង មកធ្វើការលួងលោមពង្រត់កូនស្រីគាត់ចេញពីផ្ទះទៅបាត់ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយកូនក្រមុំ ដែលបានប្រកូកប្រកាសដើរអញ្ជើញភ្ញៀវចូលរួមពិធីមង្គលការកូនស្រីរួចរាល់អស់ទៅហើយ សូម្បីតែភ្លេងភ្លាត់ សម្អាងការ តុចុងភៅ ក៏កក់អស់រួចរាល់ដែរ បែរជាត្រូវមកទទួលរងភាពអាម៉ាសចំពោះគ្រួសារខាងប្រុសបែបនេះទៅវិញ។
ឪពុកម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា យ៉ាងណា ចាត់ទុកថាជាសំណាងធំណាស់ ដែលភាគីខាងគូដណ្តឹង (កូនកំលោះ) មិនបានស្តីបន្ទោស ឬខឹងនឹងកូនស្រីគាត់ និងពួកគាត់ជាឪពុកម្តាយនោះទេ ថែមទាំងបានជួយដើរស្វែងរកយ៉ាងវក់វីទៀតផង ប៉ុន្តែនៅតែមិនមានតម្រុយបន្តិចណានៅឡើយ។

ជាមួយនេះ ឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានសំណូមពរនិងស្នើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសមត្ថកិច្ចទាំងអស់មេត្តាជួយផ្តល់ដំណឹងមកកាន់ពួកគាត់ផង ប្រសិនបើប្រទះឃើញកូនក្រមុំគាត់នៅកន្លែងណា ព្រោះពួកគាត់មិនអាចទាក់ទងកូនរបស់គាត់បាននោះទេ តាំងពីថ្ងៃបាត់ពីផ្ទះនោះមក។
ប្រសិនបើបានប្រទះឃើញយុវតីដែលមានភិនភាកដូចក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០៩០ ៣០៤ ០២៧, ០៩៧ ៨១ ៦៣ ៩១៥, ០៩៨ ៧៥៣ ៧៦៥ និង ០៩៧ ២៦ ៦៤ ៦៥១ ដោយក្តីអនុគ្រោះ៕