ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឡើងផ្លោះរបងចូលផ្ទះស្ត្រីម្នាក់ ទាំងយប់ តែលួចអីមិនលួច បែរជាលួចខោទ្រនាប់ស្ត្រីជាម្ចាស់ផ្ទះ ប៉ះចំថ្ងៃស៊យ ត្រូវម្ចាស់ផ្ទះដឹងទាន់ ក្របួចជាប់។
ករណីចោរប្រុសផ្លោះរបងចូលផ្ទះស្រី លួចខោទ្រនាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

ស្ត្រីរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះកែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាចោរដើរលួចលីអូស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលស្ត្រីរងគ្រោះជាម្ចាស់ផ្ទះកំពុងតែដេកលង់លក់ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានធ្វើសកម្មភាពផ្លោះរបងឡើងលើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូ និងខោទ្រនាប់របស់ស្ត្រីជាម្ចាស់ផ្ទះ ពណ៌ស្វាយ ចំនួន១។ ពេលនោះ ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើងទាន់ ក៏ស្រែកផ្អើលឆោឡោឡើងដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី ចុះមកឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចស្បែកជើងនិងខោទ្រនាប់របស់ស្ត្រីជាម្ចាស់ផ្ទះ ខាងលើប្រាកដមែន ហើយកន្លងមក ខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់ បានចំនួន២ដងរួចមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២ដង ក្នុងករណីអំពើលួច ដោយជាប់គុក រយៈពេល១ឆ្នាំកន្លះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕