ខេត្តកំពង់ស្ពឺ ៖ ទីតាំងខារ៉ាអូខេចំនួន២កន្លែង ដែលលួចលាក់ដំណើរការ អំឡុងពេល ដែលប្រទេសកំពុងស្ថិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នោះ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនខេត្តកំពង់ស្ពឺ ចុះបិទ កាលពីម៉ោង៩យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

ទីតាំងខារ៉ាអូខេទាំង២ ដែលត្រូវសមត្ថកិច្ចជំនាញចុះបិទខាងលើនេះ ទី១- ហាងខារ៉ាអូខេ រស្មីអង្គរ ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន និងទី២ យីហោ ឱរ៉ាល់ ដែលលួចបើកបន្ទប់ខារ៉ាអូខេដូចគ្នា។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តកំពង់ស្ពឺ បានចុះពិនិត្យហាងខារ៉ាអូខេ “ឱរ៉ាល់” និង “រស្មីអង្គរ” ដែលទីតាំងទាំង២នេះ បានលួចបើកបន្ទប់ខារ៉ាអូខេ ដោយជ្រកក្រោមស្លាកភោជនីយដ្ឋាន។

បន្ទាប់ពីចុះទៅដល់ទីតាំងទាំង២នេះ សមត្ថកិច្ចបានពិនិត្យឃើញថា មានការអនុវត្តផ្ទុយ ពីសេចក្តីណែនាំ រួចមកកម្លាំងនៃការិយាល័យ ក៏បានណែនាំនិងឱ្យម្ចាស់ហាងធ្វើកិច្ចសន្យាឈប់លួចបើកបន្តទៀត។

ដោយឡែក មានសេចក្តីរាយការណ៍បន្ថែមថា ទីតាំងខារ៉ាអូខេមួយកន្លែងទៀត នៅទល់មុខបុរីសុវណ្ណ យីហោ “ឃីងឌឹម” និងមួយកន្លែងទៀត យីហោ “ព្រីម ផៅវ័រ” នៅគីឡូ លេខ១ ស្ថិតនៅលើផ្លូវលេខ៤១ ក្នុងស្រុកសំរោងទង បានបើកបម្រើសេវាកម្មជារៀងរាល់យប់ផងដែរ ដោយមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឡើយ៕