Wednesday, May 1, 2024
Homeតារាខ្មែរលោកខេមរៈ សិរីមន្ដ ប្ដូរមុខមាត់ថ្មី ចាំទទួលតំណែង៣?

លោកខេមរៈ សិរីមន្ដ ប្ដូរមុខមាត់ថ្មី ចាំទទួលតំណែង៣?

ខេមរៈ សិរីមន្ដ ដែលតែងតែនិយមលេងម៉ូដសក់ប្លែកៗ អំឡុងពេលជ្រកកោនក្រោមទ្រនំជាមួយព្រាប សុវត្ថិ នៅហង្សមាស រហូតតារាកំពូលទើស ម៉ៃ សុគន្ធ បានហៅថាជា ចាស្ទីន កូពី នោះ ស្រាប់តែពេលនេះ លោកសិរីមន្ត បានលេងម៉ូដសក់ថ្មី សុភាពជាងមុន ទើបធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា តារាកូន៣ រូបនេះ ប្ដូរមុខមាត់ថ្មី។

ដោយឡែក ទីផ្សារចម្រៀងវិញ មួយរយៈចុងក្រោយនេះ ខេមរៈ សិរីមន្ដ បានបង្រ្កាបតារារួមទ្រនំឲ្យស្ងាត់មាត់ស្ងាត់ករអស់ ក្រោយពីលោកសិរីមន្ត ផ្ទុះបទ ”ពឺតៗ” មកធ្វើឲ្យលោកណុប បាយ៉ារិទ្ធ, ឆន សុវណ្ណរាជ, នី រតនា និងម្ចាស់ពានទាំងឡាយនៅហង្សមាស មិនអាចទប់ទល់ជាមួយលោកសិរីមន្ត បានទៀតឡើយ។

អ្នកខ្លះបានហៅខេមរៈ សិរីមន្ដ ថាជា ”ស្ដេចត្រាញ់” និងខ្លះទៀតថា លោកសិរីមន្ត កំពុងតែ ”ជិះសេះលែងដៃ” នៅហង្សមាស ក្រោយពីព្រាប សុវត្ថិ អស់និស្ស័យជាមួយទ្រនំនេះ ត្រឹម២៣ឆ្នាំ ហើយរត់ទៅជ្រកនៅ Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នោះ។

ប៉ុន្ដែយ៉ាងណា អ្នកជំនាញសិល្បៈ​លោកនូ ស៊ិប យល់ថា ខេមរៈ សិរីមន្ដ ផ្ទុះ១បទ គឺមិនទាន់គ្រប់គ្រាន់ដើម្បីឲ្យអ្នកចម្រៀងរូបនេះ ទៅវ៉ាព្រាប សុវត្ថិ បានឡើយ ព្រោះថាពេលនេះ ព្រាប សុវត្ថិ ក៏មិនទាន់ធ្លាក់ចុះដែរ។ លោកថា ដំណាក់កាលនេះ ព្រាប សុវ​ត្ថិ-ខេមរៈ សិរីមន្ដ មួយណាធ្វើបទត្រូវជាង អ្នកនោះគឺជាអ្នកមានប្រៀបជាងហើយ។

ខេមរៈ សិរីមន្ដ រំភើបខ្លាំងណាស់នៅពេលដែលត្រូវថៅកែហង្សមាស យកចិត្តទុកដាក់លើករូបគេធ្វើជាតួឯកនៅផលិតកម្មធំនេះ តាមរយៈការសម្រិតសម្រាំងទាំងបទចម្រៀង និងការថត MV ជាពិសេសសម្រាប់លោកសិរីមន្ត ដើម្បីកុំឲ្យអ្នកចម្រៀងរូបនេះរត់ទៅចូល Galaxy តាមព្រាប សុវត្ថិ ដែរ។

យ៉ាងណា ពេលនេះ លោកសិរីមន្ត នៅរង់ចាំមើលរឿងសំខាន់មួយទៀតថា តំណែងទាំង៣ របស់ព្រាប សុវ​ត្ថិ ដែលនៅទំនេរ គឺជាគ្រូបង្វឹក និងគណៈកម្មការកម្មវិធី “Cambodian idol” , “The Voice Kids Cambodia” និង “Cambodian Idol Junior” នោះ នឹងត្រូវថៅកែហង្សមាស ទម្លាក់មកឲ្យសិរីមន្ដ រ៉ាប់រងទាំងអស់ឬយ៉ាងណា?

អ្នកជំនាញសិល្បៈបានឲ្យដឹងថា ដើម្បីឲ្យសិរីមន្ដ អាចទប់ទល់ជាមួយព្រាប សុវត្ថិ បាន ទាល់តែហង្សមាស លើកសិរីមន្ដ មួយក្រឺតទៀត តាមរយៈការឲ្យតំណែងធំទាំង៣ ទៅលោកសិរីមន្ត នោះ នឹងធ្វើឲ្យអតីតតារាចម្រៀងផលិតកម្ម U2 និងសាន់ដេ រូបនេះ​កាន់តែមានសង្ឃឹមក្នុងការឡើងទៅអង្គុយនៅកៅអីព្រាប សុវត្ថិ ដែលនៅទំនេរនោះជាមិនខាន។

អំឡុងពេលដែលខេមរៈ សិរីមន្ដ កំពុងតែរីករាយនេះដែរ គេឃើញចំណងស្នេហាលោកជាមួយភរិយាកូន៣ អ្នកនាងកុយ ផល្លី ក៏កាន់តែស្អិតល្មួតលើសមុនផងដែរ៕                                                                 ហ៊ឹម វិចិត្រ

RELATED ARTICLES