ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកម្រិត (បែកថ្នាំ) បានដើរចេញពីក្នុងសួនច្បារ មកវាយបុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ ចំនួន២ដៃ រួចសម្លុតគំរាមទារយកសោម៉ូតូពីជនរងគ្រោះ តែត្រូវបានជនរងគ្រោះប្រតាយប្រតប់ និងរត់ស្រែកឱ្យគេជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សន្តិសុខចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចរង្វង់មូល នាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយិន ណុច អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាអ្នកដឹកអីវ៉ាន់តាមអនឡាញ មានលំនៅស្នាក់នៅម្តុំកាណាឌីយ៉ា។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FH-6407 បានធ្វើដំណើរចេញពីលើស្ពានបាឡេ មកដល់ចំណុចរង្វង់មូលនាងមច្ឆា ជនរងគ្រោះបានឈប់ម៉ូតូ ក្នុងគោលបំណងទូរស័ព្ទទៅរកអតិថិជន ដើម្បីយកអីវ៉ាន់អនឡាញទៅឱ្យ។ ខណៈពេលដែលជនរងគ្រោះកំពុងតែខលទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ចេញមកពីក្នុងសួនច្បារ មកវ៉ៃជនរងគ្រោះចំនួន២ដៃ រួចសម្លុតគំរាមយកសោម៉ូតូពីជនរងគ្រោះ។

ភ្លាមនោះ ជនរងគ្រោះមិនព្រមប្រគល់សោម៉ូតូឱ្យទៅជនសង្ស័យនោះទេ និងបានព្យាយាមប្រតាយប្រតប់គ្នា ហើយបានស្រែកឱ្យគេជួយ ខណៈនោះត្រូវបានប្រជាពលរដ្ឋ រួមទាំងសន្តិសុខការពារនៅជិតកន្លែងកើតហេតុ បានចេញមកជួយចាប់ជនសង្ស័យ រួចរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកទៅកាន់នគរបាលប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ចាត់ការបន្តតាមនីតិវិធី៕