ខេត្តបន្ទាយមានជ័យ ៖ យុវជនជាពលករចំណាកស្រុក ទើបនឹងវិលត្រឡប់មកពីប្រទេសថៃម្នាក់ ត្រូវបានមន្ត្រីជំនាញសុខាភិបាល សហការជាមួយអាជ្ញាធរដែនដី និងកម្លាំងយោធាដឹកបញ្ជូនពីមាត់ច្រកព្រំដែន ដើម្បីចូលធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលដែលបានត្រៀមទុករួចជាស្រេច ស្រាប់តែធ្វើដំណើរមកដល់មាត់ច្រកចូលមណ្ឌលចត្តាឡីស័ក យុវជនម្នាក់នោះបានស្ទុះលោតចុះពីលើរថយន្ត រត់គេចខ្លួនបាត់។
ហេតុការណ៍ដ៏គួរឱ្យហួសចិត្តខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចច្រកព្រំដែនខេត្តបន្ទាយមានជ័យ។
យុវជនដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក រត់គេចខ្លួនខាងលើនេះ មានឈ្មោះលឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។

យោងតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ថា ពិតជាមានអ្នករត់ នៅត្រូវបានដឹកយកមកធ្វើចត្តាឡីស័កមែន ដោយពេលដឹកមកដល់ខ្លោងទ្វារចូល គាត់ក៏លោតចេញពីរថយន្ត រត់គេចតែម្តង។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកបុគ្គលរូបមកវិញហើយ។
គួរបញ្ជាក់ថា ក្រោយការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឱ្យកងទ័ព ចេញរថយន្តទៅដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលទើបនឹងវិលមកពីទឹកដីថៃ ដើម្បីចូលមណ្ឌលធ្វើចត្តាឡស័ក ដោយមិនទាន់អនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួន តាមរថយន្តតាក់ស៊ី ឬធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ចូលសហគមន៍នោះទេ ស្រាប់តែនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅពេលរថយន្តដឹកពលករខ្មែរដែលទើបនឹងឆ្លងដែនមកពីថៃ មកដល់ខ្លោងទ្វារចូលកន្លែងធ្វើចត្តាឡីស័ក យុវជនខាងលើ បានលោតពីលើរថយន្ត រត់គេចខ្លួនបាត់តែម្តង៕