Friday, July 25, 2025
Homeព័ត៌មានជាតិស្រីស្អាត គ្រាន់តែគេមើលមុខ ដេញតាមឲ្យឈប់ ទាមទារឲ្យសុំទោស

ស្រីស្អាត គ្រាន់តែគេមើលមុខ ដេញតាមឲ្យឈប់ ទាមទារឲ្យសុំទោស

ខេត្តពោធិ៍សាត់ ៖ ថ្មីៗនេះ មានការចែករំលែកវីដេអូឃ្លីបមួយ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីទិដ្ឋភាពក្រុមក្មេងស្រីទំនើង ១ក្រុម ដែលមានចរិតកោងកាច មិនចាញ់  (បងធំស្រីមេសាង) ប៉ុន្មានឡើយ ដែលគ្រាន់តែខឹងក្មេងស្រី២នាក់ ជិះម៉ូតូសម្លឹងមើលមុខខ្លួន ក៏នាំបក្ខពួកប្រដេញតាមស្ទាក់ម៉ូតូឱ្យឈប់ រួចច្របាច់មាត់បង្ខំឱ្យសុំទោសខ្លួន។

ចំពោះហេតុការណ៍ក្មេងស្រីទំនើង ដេញស្ទាក់គំរាមវ៉ៃក្មេងស្រី ២នាក់ ខាងលើនេះ ត្រូវបានប្រភពព័ត៌មានអះអាងថា បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិសិរីគន្ធា ឃុំតាលោ ស្រុកតាលោសែនជ័យ។

ក្មេងស្រីរគ្រោះដែលទទួលរងការសម្លុតគំរាមពីសំណាក់ក្មេងស្រី ១ក្រុម ដោយចាប់ច្របាច់មាត់ បង្ខំឱ្យសុំទោសនោះ មានឈ្មោះ រឿន ម៉ារីយ៉ា អាយុ១១ឆ្នាំ មានលំនៅក្នុងភូមិសិរីគន្ធា ឃុំតាលោ ស្រុកតាលោសែនជ័យ។

ក្រោយការបង្ហោះចែកចាយនូវវីដេអូឃ្លីប បង្ហាញពីសកម្មភាពក្មេងស្រីទំនើង ១ក្រុម ស្ទាក់ម៉ូតូក្មេងស្រី ២នាក់ សម្លុតគំរាមខាងលើនេះ បានធ្វើឱ្យមានការរិះគន់ជាខ្លាំង ចំពោះចរិតកោងកាចរបស់ក្រុមក្មេងស្រីខាងលើនេះ។

យ៉ាងណា បន្ទាប់ពីផ្ទុះការរិះគន់ចំពោះទង្វើរបស់ក្រុមក្មេងស្រីខាងលើរួចមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការស្រាវជ្រាវនិងកោះហៅភាគីទាំងសងខាង ឱ្យមកជួបមុខគ្នាដើម្បីសម្របសម្រួលសុំទោសបញ្ចប់រឿងរួចរាល់ហើយផងដែរ។ ចំណែកភាគីខាងក្មេងស្រីរងគ្រោះក៏បានប្រកាសថាបានលុបឃ្លីបវីដេអូនេះចេញពីបណ្តាញសង្គមរួចរាល់ហើយផងដែរ។

យោងតាមស្រ្តីជាម្តាយមីងរបស់ក្មេងស្រីរងគ្រោះ បានសរសេរក្នុងគណនីបណ្តាញសង្គម​ហ្វេសប៊ុក របស់ខ្លួនថា “នាងខ្ញុំឈ្មោះនួន ស្រីមុំ ភេទស្រី រស់នៅភូមិសិរីគន្ធា ឃុំតាលោ ស្រុកតាលោសែនជ័យ ជាម្ចាស់ account Serey kunthea សូមបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៥និង១៥នាទី នាងខ្ញុំបានបង្ហោះសារឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាលោ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយរកយុត្តិធម៌ ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងកាក់ម៉ូតូក្មួយស្រីរបស់ខ្ញុំ ឈ្មោះរឿន ម៉ារីយ៉ា អាយុ១១ឆ្នាំ

ក្នុងពេលនាងខ្ញុំកំពុងធ្វើដំណើរជាមួយបងប្អូន មកពីទិញអីវ៉ាន់ នៅផ្សារបត់រំដួល ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដោយមានការជេរប្រមាថ គំរាមកំហែង និងកាយវិការរុញច្រាន ពីសំណាក់ភាគីបង្ក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្មួយស្រីនាងខ្ញុំ ប៉ុន្តែដោយមានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន ក្រុមក្មេងបង្កហេតុ ជាពិសេសសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ សុំឱ្យអាណាព្យាបាលទាំងសងខាង ធ្វើការសម្របសម្រួលបញ្ចប់រឿង និងសុំជាសាធារណៈ ពីសំណាក់ភាគីបង្កហេតុ។

ហេតុនេះ នាងខ្ញុំសុំលុបឃ្លីបវីដេអូដែលនាងខ្ញុំបានផុសធ្វើការអត្ថាធិប្បាយសុំការអន្តរាគមន៍ពីសំណាក់អាជ្ញាធរចេញវិញ បើសិនថ្ងៃក្រោយ ជនណានៅបន្តផុសរូបភាពនិងវីដេអូនេះទៀត នាងខ្ញុំមិនទទួលខុសត្រូវឡើយ…”៕

RELATED ARTICLES