Wednesday, July 23, 2025
Homeតារាខ្មែរពេជ្រ សូលីកា ចង់រៀបការឆាប់ សួរបងកូវីដ ពេលណារលាយ?

ពេជ្រ សូលីកា ចង់រៀបការឆាប់ សួរបងកូវីដ ពេលណារលាយ?

ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ផូរផង់ ពេជ្រ សូលីកា ដែលភ្ជាប់ពាក្យជាមួយបុសអាណិជនខ្មែរ នៅអូស្ត្រាលី មិនទាន់បានរៀបការ ពពោះភ្លាម និងបានសម្រាលកូនប្រុសដំបូង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នោះ នៅពេលនេះ ខណ:ដែលបានស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍ ថតឃោសនាឲ្យសម្អាងការមួយ ស្រាប់តែតារាស្រីស្អាតរូបនេះ ទម្លាយថា ទាស់តែមានបញ្ហាជំងឺឆ្លង កូវីដ-១៩ ទើបរាំងស្ទះគម្រោងពិធីមង្គលការរបស់នាង​ហើយនាងបានដាក់សំណួរថា បងកូវីដ ពេលណារលាយបាត់?

តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពនាងស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍ ថតឃោសនាឲ្យសម្អាងការមួយ ក្នុងទំព័របណ្តាញសង្គម ​ហ្វេសប៊ុក​ របស់នាង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ជាមួយសំណេរថា​ «លោកបង Covid អើយ! ពេលណារលាយបាត់?គ្រាន់តែឃើញឈុត ចង់រៀបការស្អែកម៉ង»។

សំណេររបស់ពេជ្រ សូលីកា ខាងលើនេះ ធ្វើឲ្យមហាជន អ្នកគាំទ្រភាគច្រើនជឿថា ពេជ្រ សូលីកា មិនបោះបង់គម្រោងរៀបការតាមប្រពៃណីខ្មែរនោះទេ ទោះបីជាពេលនេះ​នាងនិងគូដណ្តឹង (ប្តី)​ មានកូនជាមួយគ្នា ម្នាក់ទៅហើយក៏ដោយ ដូច្នេះនៅពេលជំងឺកូវីដ-១៩ រលាយបាត់ នាងប្រាកដជាដឹកដៃគូដណ្តឹងនាង លោកគឹម ហាន ជាអាណិកជនខ្មែរនៅអូស្ត្រាលី នោះ រៀបការជាចំហមិននខាន។  

គួរបញ្ជាក់ថា តារាចម្រៀងពេជ្រ សូលីកា បានបញ្ចប់មន្ទិលនៃចំណងស្នេហ៍ជាមួយមន្ត្រីផ្កាយ២ ម្នាក់ ដោយបានភ្ជាប់ពាក្យជាចំហ ជាមួយបុសអាណិកជនខ្មែរ នៅអូស្ត្រាលី ម្នាក់ ឈ្មោះឃឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

ក្រោយពេលភ្ជាប់ពាក្យ ក៏ធ្លាយដំណឹងថា ពេជ្រ សូលីកា មានផ្ទៃពោះភ្លាមៗផងដែរ ធ្វើឲ្យពេជ្រ សូលីកា និងគូដណ្តឹង រីករាយត្រេកអរ ទោះបីពួកគេមិនទាន់សម្រេចបំណងរៀបការតាមប្រពៃណីក៏ដោយ។ ប៉ុន្តែស្របពេលនោះ ពេជ្រ សូលីកា ក៏ជួបទុក្ខមហាធ្ងន់មួយ ដោយម្តាយបង្កើតរបស់នាង ត្រូវចាប់ខ្លួននិងឃុំខ្លួននៅពន្ធនាគារ ពីបទសម្លាប់គូស្នេហ៍ភេទដូចគ្នា។

ទោះជាយ៉ាងណា រឿងនេះបានកន្លងហួសច្រើនខែមកហើយ ដែលអាចឲ្យសូលីកា អាចធ្វើចិត្តបាន រំសាយពីទុក្ខសោកម្តាយជាប់គុកច្រវាក់នេះបានខ្លះ ដោយនាងប្រឹងថែទាំសុខភាព រក្សាគភ៌ រហូតសម្រាលបានកូនប្រុសម្នាក់ គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ពេជ្រ សូលីកា បានឲ្យដឹងថា កូនប្រុសរបស់នាង កើតនៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មានទម្ងន់ ២គីឡូ ៩ខាំ ដែលនាងបានដាក់ឈ្មោះថា «ហង្ស អ៊ារី វ៉េនស្ដេ (Hang Aari Wednesday)  ហើយពេលនេះ កូនប្រុសនាង មានអាយុ ជាង ៧ខែហើយ ។

ទស្សនិជន អ្នកគាំទ្រជាច្រើន សរសេរថា ពេជ្រ សូលីកា ពិតជាមានរូបសម្រស់ស្អាតផូរផង់មែន ទោះបីជានាងមានកូនមួយទៅហើយ ក៏សម្រស់មិនស្រកស្រុត តែកាន់តែស្រស់ស្អាត ជាពិសេសនៅពេលនាងគ្រងឈុតអាពាហ៍ពិពាហ៍ ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត ហើយអ្នកគាំទ្រសង្ឃឹមថា នៅពេលចប់កូវីដ ពេលណា នឹងបានឃើញពេជ្រ សូលីកា គ្រងឈុតអាពាហ៍ពិពាហ៍ រៀបការមែនទែន តាមប្រពៃណីខ្មែរ ជាមួយគូដណ្តឹងដែលជាឪពុករបស់កូនប្រុសនាងនោះ ជាមិនខាន៕

RELATED ARTICLES