ខេត្តបន្ទាយមានជ័យ ៖ លំនៅដ្ឋាន១ខ្នងរបស់ប្តីប្រពន្ធវ័យចំណាស់មួយគូ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតទាំងស្រុង ដោយសារមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុង ភូមិអង្គារបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ១០ម៉ែត្រ គុណនឹង ៧,៥ម៉ែត្រ សង់ពីឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី (ឆេះខូចខាតទាំងស្រុង) មានម្ចាស់ ឈ្មោះថោង សំអ៊ុន ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះហឹម មុំ រស់ក្នុងភូមិសង្កាត់ខាងលើ។

ហេតុការណ៍នេះ បានអន្តរាគមន៍ពន្លត់ដោយមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាលក្រុងសិរីសោភ័ណចំនួន១គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុកមង្គលបូរី១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន២គ្រឿង បានសហការគ្នាជួយបាញ់ទឹកពន្លត់ជាមួយ នឹងកម្លាំង ជួយជាច្រើន ប៉ុន្តែ នៅតែមិនអាចជួយផ្ទះរងគ្រោះពីអណ្តាតភ្លើងបាន តែជួយបានការរាលឆេះផ្ទះដទៃទៀតក្បែរៗនោះ៕
