Wednesday, July 23, 2025
Homeព័ត៌មានជាតិចោរឆក់សម្បូរស្នេហ៍ សមត្ថកិច្ចចាប់បាន ស្រីស្នេហ៍យកបាយទឹកឲ្យស៊ី

ចោរឆក់សម្បូរស្នេហ៍ សមត្ថកិច្ចចាប់បាន ស្រីស្នេហ៍យកបាយទឹកឲ្យស៊ី

ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាពឆក់តាមដងផ្លូវ ត្រូវសមត្ថកិច្ចចាប់បានកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ហើយបានបញ្ជូនទៅកាន់តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ​នេះ លោកព្រះរាជអាជ្ញា​រង​លោក ចែ សុង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន។

សមត្ថកិច្ចឱ្យដឹងថា ជនជាប់ចោទឈ្មោះ មាស កុសល ហៅស្តាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជននេះធ្វើសកម្មភាពទី១ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ជនសង្ស័យឆក់កាបូបស្ពាយ ពណ៌ត្នោត មិនបានសម្រេច និងធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលរងរបួសនៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវ បេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះសាង ស្រី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

លើកទី២ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង២និង៤០នាទីទៀបភ្លឺ ជនសង្ស័យឆក់យកកាបូបស្ពាយចំហៀង ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ៨៧ ផ្លូវលេខ៦១៤ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះកែវ បុប្ផា ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅ ផ្ទះ ស្នាក់នៅផ្ទះលេខ៦៤ ផ្លូវលេខ៦១៤ ក្រុម ៧៦ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់កាបូបស្ពាយ ចំនួន១, ចិញ្ចៀនពេជ្រ ចំនួន១វង់, ខ្សែដៃពេជ្រ ចំនួន១ខ្សែ, ប្រាក់រៀលចំនួន ៣ ០០០ ០០០ រៀល, ប្រាក់ដុល្លារចំនួន៩០០ដុល្លារអាមេរិក និងទូរសព្ទ័ដៃ ម៉ាកអាយហ្វូន៧ផ្លឹស ចំនួន១ គ្រឿង។

លើក៣ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៦ព្រឹក ជនសង្ស័យឆក់ខ្សែកនៅចំណុចមុខផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះផាត់ ប៊ុនធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅផ្ទះលេខ២១៦ អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ១ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់គ្រឿងរថយន្ត។ សម្ភារៈបាត់បង់ ខ្សែកប្លាកទីន ទម្ងន់ ៨ជី។

លើកទី៤ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១និង៣០នាទីរសៀល ជនសង្ស័យឆក់កាបូបក្រវាត់ចង្កេះ ពណ៌ត្នោត នៅចំណុចមុខផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះម៉ុង សិទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១៨៦ ផ្លូវលេខ ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ កាបូបក្រវាត់ចង្វេះចំនួន១, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ចំនួន១សន្លឹក, ទូរសព្ទ័ដៃម៉ាកអូប៉ូ ចំនួន ១គ្រឿង។

លើកទី៥ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង៥០នាទីរសៀល ជនសង្ស័យឆក់យកកាបូបស្ពាយចំហៀង ពណ៌ស លាយខ្មៅ (ជនរងគ្រោះមិនស្គាល់ឈ្មោះ) នៅចំណុចមុខផ្ទះលេខ៣៣១ ផ្លូវលេខ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លើកទី៦ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧យប់ ជនសង្ស័យឆក់យកទូរស័ព្ទដៃ ម៉ាកអាយហ្វូន អ៊ីច ពណ៌ស នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លើកទី៧ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១រំលងអធ្រាត្រ ជនសង្ស័យឆក់យកកាបូបស្ពាយពីក្រោយ នៅចំណុចលើស្ពានអាកាសទឹកថ្លា ផ្លូវសហពន្ធ័រុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លើកទី៨ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៤ទៀបភ្លឺ ជនសង្ស័យឆក់ យកកាបូប ពណ៌ក្រហម នៅចំណុចមុខផ្ទះលេខ១៥A ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍- សែនជ័យ រាជធានីភ្នំពេញ។

លើកទី៩ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ទៀបភ្លឺ ជនសង្ស័យឆក់ យកកាបូបស្ពាយ ពណ៌ខ្មៅ នៅចំណុចមុខផ្ទះ លេខ១A ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ទើបអស់លក្ខណ៍ត្រូវជាប់ខ្នោះ ជាមួយនឹងវត្ថុតាងដកហូតបាន ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IH-0319 ចំនួន១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចេញធ្វើសកម្មភាពឆក់ពិតប្រាកដមែន។ ហើយរបស់របរដែលឆក់បាន រូបគេយកទៅលក់ យកលុយចិញ្ចឹមស្រីស្នេហ៍ដល់ទៅ៣នាក់។

យ៉ាងណា នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះបាន បញ្ជូនទៅប៉ុស្តិ៍ គេឃើញមាននារី៣នាក់ ដូចដែលជនសង្ស័យបានសារភាព យកបាយទឹកមកឲ្យ ហើយពេលសមត្ថកិច្ចជនសង្ស័យរូបនេះទៅកាន់តុលាការ ក៏គេឃើញនារីទាំង៣នាក់ ទៅផងដែរ៕

RELATED ARTICLES