Wednesday, July 23, 2025
Homeព័ត៌មានជាតិស្ត្រីជាម្តាយដាក់ការសង្ស័យបែបនេះ ក្រោយពេលដែលប្តីគាត់ ដឹកកូនស្រីត្រឹមកំពង់ដរ

ស្ត្រីជាម្តាយដាក់ការសង្ស័យបែបនេះ ក្រោយពេលដែលប្តីគាត់ ដឹកកូនស្រីត្រឹមកំពង់ដរ

ខេត្តកំពង់ឆ្នាំង ៖ យុវតីរូបស្រស់ម្នាក់ត្រូវបានឪពុកដឹកតាមម៉ូតូចេញពីផ្ទះ សំដៅទៅផ្ទះជីដូននៅឯទីរួមខេត្តកំពង់ឆ្នាំង ដើម្បីស្នាក់នៅរៀនសូត្រ លុះមកដល់កំពង់ដរ ឪពុកក៏បានដាក់ឱ្យកូនឆ្លងដរតែម្នាក់ឯង រួចរកម៉ូតូឌុបជិះបន្តដើម្បីទៅផ្ទះជីដូនដោយខ្លួនឯង ស្រាប់តែក្រោយមកក៏បាត់កូនស្រីមិនឃើញទៅដល់ផ្ទះជីដូនសោះ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដើរតាមរកសព្វកន្លែងនៅតែមិនឃើញ ទើបសង្ស័យថា កូនស្រីត្រូវម៉ូតូឌុបល្បួងយកទៅ។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះច្រឹក ឆពុំ អាយុ១៣ឆ្នាំ មានលំនៅក្នុងស្រុកកំពង់លែង និងបានបាត់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅម្តុំមាត់កំពង់ដរផ្សារក្រោម។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាឪពុកបានដឹកកូនស្រីរបស់ខ្លួន (យុវតី ខាងលើ) ចេញពីផ្ទះឯស្រុកកំពង់លែង បំណងយកទៅឱ្យរៀនសូត្រនៅឯសាលារៀនវត្តអារញ្ញ និងស្នាក់នៅជាមួយជីដូននៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ខណៈដែលម្តាយកំពុងកូនខ្ចីនៅឯស្រុកកំពង់លែង។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឪពុកបានជូនកូនស្រីម្នាក់នេះមកដរកំពង់លែង បន្ទាប់មក ដោយសារ រវល់ប្រញាប់ទៅមើលប្រពន្ធកូនខ្ចីវិញ ទើបឱ្យកូនស្រីឆ្លងដរតែម្នាក់ឯង និងរកម៉ូតូឌុបជិះទៅផ្ទះជីដូនដោយខ្លួនឯងទៅ។ ស្រាប់តែក្រោយមក ពេលឪពុកទូរស័ព្ទទៅសួរជីដូន ឃើញចៅស្រីទៅដល់ឬនៅ? ស្រាប់តែជីដូនឆ្លើយថាអត់ទាន់ឃើញមកដល់ទេ ទើបកើតមានការផ្អើលឆោឡោ ដឹងថា បាត់កូនស្រី ក៏ចេញតាមរកសព្វកន្លែង ប៉ុន្តែរកមិនឃើញសោះ។

ក្រោយពីតាមរកកូនស្រីសព្វកន្លែងនៅតែមិនមានតម្រុយ ណាមួយដោយសង្ស័យថា កូនស្រី អាចនឹងត្រូវម៉ូតូឌុបល្បួងនាំយកទៅ ទើប ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យជួយ ស្វែងរក និងស្រាវជ្រាវ។

ជាមួយនេះ ក្រុមគ្រួសារ យុវតីដែលបាត់ខ្លួន ខាងលើ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ ក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុម គ្រួសារ តាមរយៈលេខទូរស័ព្ទ ០៨៨ ៤១ ១៣ ៩៩៥ និង០៩៦ ៦០ ៩៦ ៥២២ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES