តារាចម្រៀងថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី ត្រូវបានអតីតអ្នកគ្រប់គ្រងផលិតកម្មនេះ លោកករុណា ពេជ្រ បាននាំនាងទៅទិញបន្ទប់ខុនដូនៅជាប់មាត់ទន្លេ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ លោកករុណា ពេជ្រ បានចាត់ទុកថា កាណែនាំស្រីស្អាតរ៉ាប៊ី ឲ្យទៅរស់នៅខុនដូ ធ្វើឲ្យជីវិតនាងកាន់តែហ៊ឺហាស៊ីវិល័យនេះ ប្រៀបបានលោកឲ្យនាងទៅឡើងទ្រើងតែម្ដង។

លោកថ្លែងសារថា ”នាំម្ចាស់បទ ”មីខ្មៅ”, ”មាន់ស្រែ” ឲ្យឡើងទ្រើង”។
ដោយឡែក ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២២ ខែធ្នូ តារាចម្រៀងរ៉ាប៊ី បានឲ្យដឹងថា នាងពិតជាបានទៅទិញបន្ទប់ខុនដូមួយ ដែលមានទីតាំងនៅជាប់មាត់ទន្លេមែន ប៉ុន្ដែនាងសុំមិននិយាយពីតម្លៃថា ទិញនោះប៉ុន្មាននោះទេ។ នាងថា ជាទម្លាប់ នាងទិញផ្ទះនិងរថយន្ដ មិនដែលបង្អួតបង្ហាញគេទេ ប៉ុន្ដែលើកនេះ លោកករុណា ពេជ្រ ជូនទៅហើយ គាត់អ្នកបង្ហោះ ទើបនាងមិនអាចហាមឃាត់បានឡើយ។

តារាថោន រូបនេះ បន្ថែមថា ការទិញបន្ទប់ខុនដូនោះ គឺទុកសម្រាប់យូរៗ នាងទៅលេងម្ដង ព្រោះខ្យល់អាកាសបរិសុទ្ធនៅជាប់មាត់ទន្លេ តែការរស់នៅជាប្រចាំថ្ងៃ នាងនៅតែរស់នៅផ្ទះធម្មតាដូចមុនទេ។

ជុំវិញការមានលទ្ធភាពទិញបន្ទប់ខុនដូ ទាំងគ្រប់គ្នាកំពុងមានវិបត្តិកូវីដ-១៩នេះ ធ្វើឲ្យគេសង្ស័យថា កញ្ញារ៉ាប៊ី មានគូស្នេហ៍នៅក្រោយខ្នងជួយឧបត្ថម្ភ ព្រោះមិនសូវឃើញចេញច្រៀងសម្ដែងសោះ ប៉ុន្ដែបែរជាស្រីស្អាតរូបនេះមានលុយទៅទិញបន្ទប់នៅខុនដូនៅពេលនេះទៅវិញ។

ប៉ុន្ដែដំណឹងនេះត្រូវបានកញ្ញារ៉ាប៊ី ប្រកែក ដោយថា នាងគ្មានប្រុសណាចិញ្ចឹម ឬឧបត្ថម្ភដូចគេសង្ស័យនោះទេ គឺលុយទាំងនោះ នាងបានមកពីការធ្វើទូតសុច្ឆន្ទៈ ឲ្យបណ្ដាផលិតផលមួយចំនួន ហើយប្រាក់ចំណូលនាងនៅតែមានជាហូរហែ ទោះជាពេលនេះឆាកប្រគំតន្ត្រីធំៗនៅតាមខេត្ត មិនទាន់បើកវិញក្ដី។

រ៉ាប៊ី អះអាងថា ក្រោយបែកបាក់សង្សារកាលពីពេលថ្មីៗនេះ ឥឡូវរកតែសង្សារ១គ្រាប់ ធ្វើថ្នាំមិនបានផង ហើយនាងថែមទាំងពឹងឲ្យអ្នកយកព័ត៌មានយើង ជួយរកសង្សារឲ្យនាង១ទៀតផង។

ដោយឡែក ទាក់ទងបទចម្រៀងវិញ រ៉ាប៊ី ដែលស្ងាត់តាំងពីផ្ទុះកូវីដ-១៩នោះ ពេលនេះបានបញ្ចេញបទថ្មី ”មីខ្មៅ” ដែលថត MV នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នឹងត្រៀមចេញ Full MV នៅចុងឆ្នាំ២០២០ ខណៈដែលនាងថាមានបទចម្រៀងមួយចំនួនទៀត នៅក្នុងដៃ តែនាងមិនទាន់ហ៊ានបញ្ចេញ ព្រោះខ្លាចគេថា ចេញសប្បាយទាំងពេលគេកំពុងតែមានទុក្ខដោយសារកូវីដ-១៩៕

