ភ្នំពេញ ៖ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំង របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចេញល្បាតតាមមូលដ្ឋាន លុះដល់ចំណុចផ្លូវលេខ៨BT ភូមិចំរើនផល ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ (ម៉ូតូចាស់)។

ដោយមានការសង្ស័យ ក៏បានឃាត់ត្រួតពិនិត្យឆែកឆេរ រកឃើញឧបករណ៍សម្រាប់ឆ្កឹះសោម៉ូតូ និងសម្រាប់ឆ្កឹះសោទ្វារផ្ទះមួយចំនួន ដែលជនសង្ស័យលាក់នៅជាប់ខ្លួន និងក្រោមកែបម៉ូតូ ទើបឃាត់ខ្លួនពួកគេយកទៅសួរនាំតែម្តង។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះជា តូច ភេទប្រុស ជនជាតិខ្មែរ រស់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិប្ញស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ។ ទី២-ឈ្មោះលី ប៊ុនឡុង ភេទប្រុស ជនជាតិខ្មែរ មាននៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើស អេតចាយ។ ទី៣-ឈ្មោះភៀន សុភ័ណ្ឌ ភេទ ប្រុស ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

ប្រភពដដែលឱ្យដឹងដែរថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិត ជាមានគម្រោងដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅចំណុចខាងលើប្រាកដមែន។ នៅ ពេលនោះដែរ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល ឃើញវិជ្ជមាន គឺមានសារធាតុញៀនទាំង៣នាក់។
ដោយឡែក ជនសង្ស័យឈ្មោះជា តូច និង ឈ្មោះលី ប៊ុនឡុង បានសារភាពដែរថា ពួកគេ លួចយកម៉ូតូសណ្តោងរ៉ឺម៉កចំនួន១គ្រឿង នៅចំណុចមុខផ្ទះលេខB១ ផ្លូវលេខ៨៥BT ភូមិ ចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រំលងអាធ្រាត្រ ដែលជារបស់ជនរងគ្រោះឈ្មោះហៀក ចាន់ថាត ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ម៉ូតូសណ្តោងរ៉ឺម៉ក។

វត្ថុតាងដកហូតបានម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ (ម៉ូតូចាស់) ពាក់ស្លាកលេខ ភ្នំពេញ1M-6735 សោរចិញ្ចៀនលេខ១០ ចំនួន២ដើម, សោចិញ្ចៀនលេខ១២ ចំនួន១ដើម, សោទីបលេខ១៤ ចំនួន១ដើម, ទួរណឺវីសចំនួន១ដើម, កន្ត្រៃដងពណ៌ក្រហម ចំនួន១, សោទីបលេខ៨ ចំនួន១ដើម, ដែកចុងស្រួច ចំនួន១ដើម និងទូរស័ព្ទដៃចាស់ ចំនួន១គ្រឿង។
ជនសង្ស័យខាងលើរួមនឹងវត្ថុតាង ត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕