Wednesday, July 23, 2025
Homeព័ត៌មានជាតិមានលុយទិញផ្ទះ ហុឺហា ដោយយកឈ្មោះអ្នកនាងទ្រី ដាណា ធ្វើរបៀបនេះ

មានលុយទិញផ្ទះ ហុឺហា ដោយយកឈ្មោះអ្នកនាងទ្រី ដាណា ធ្វើរបៀបនេះ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៉ុល និលឯក នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ អតីតជាអ្នកលក់ផលិតផលតាមអនឡាញ ពាក់ព័ន្ធករណីឆបោកប្រាក់ពីអតិថិជន ចំនួនជិត ១លានដុល្លារ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណើ ចាន់ត្រា តំណាងចែកចាយ និងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសម្អាង) តាមអនឡាញ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងផ្សារបុរីពិភពថ្មី កួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ពាក់ព័ន្ធពីបទឆបោកប្រាក់តាមពាក្យបណ្តឹងរបស់អតិថិជនជាកូនបំណុល ចំនួន១២នាក់ ដែលនាងប្រមូលបានប្រាក់ ជិត១លានដុល្លារ។

សមត្ថកិច្ច បង្ហើបឱ្យដឹងថា ប្រាក់ទាំងអស់នោះ គឺឈ្មោះណើ ចាន់ត្រា បានប្រមូលពីកូនក្រុមជាអតិថិជនកម្មង់ទិញផលិតផល ដែលមិនទាន់មានផលិតផលប្រគល់ឱ្យទៅគេទេ។

តាមដើមបណ្តឹងរៀបរាប់ប្រាប់ថា ស្រ្តីឈ្មោះណើ ចាន់ត្រា ច្រើនតែយកឈ្មោះប្រេនអ្នកស្រី ទ្រី ដាណា ដើម្បីឱ្យគេជឿទុកចិត្ត ទៅឆបោកប្រាក់តំណាងរបស់ខ្លួន អស់ជិតមួយលានដុល្លារ ហើយប្រាក់នោះ ត្រូវបានស្ត្រីជើងល្អខាងលើ យកទៅទិញផ្ទះ និងសម្ភារនិយម លម្អខ្លួន ហ៊ឺហាសប្បាយ ដោយមិនមានផលិតផលឱ្យគេទេ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ការឃាត់ខ្លួនស្រីស្អាតឈ្មោះណើ ចាន់ត្រា គឺបានធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកគុជ គីមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឱ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែជនសង្ស័យរឹងរូសមិនព្រមចូល ទើបមានដីកាបញ្ជាឱ្យឃាត់ខ្លួនតែម្តង៕

RELATED ARTICLES