ខេត្តសៀមរាប ៖ ហ្វូងសត្វស្វាកាចៗមួយចំនួន ដែលមានភាពស៊ាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃ មកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះ បានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វា បានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។

លើសពីនេះ សត្វស្វា ក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទ ដូចជា រុញឱ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះ ចាំបាច់ត្រូវយកចេញ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗនាពេលអនាគត។

ក្នុងន័យនេះ អាជ្ញាធរអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរ ទៅធ្វើចត្តាឡីស័ក មុននឹងលែងចូលព្រៃធម្មជាតិផ្សេងទៀត ក្រៅពីឧទ្យានអង្គរ។ តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរអប្សរា បានឲ្យដឹងថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដនៃចំនួនសត្វស្វាដែលត្រូវនាំចេញនៅឡើយទេ។ លោកបន្ថែមថា ការងារនេះ មានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្ត្រីជំនាញក្នុងការធានាថា ការចាប់សត្វស្វា ចេញពីតំបន់អង្គរ មានសុវត្ថិភាពខ្ពស់៕
