Wednesday, July 23, 2025
Homeព័ត៌មានជាតិប្តីមិនចូលផ្ទះ៣ថ្ងៃ ប្រពន្ធតាមរកឃើញឡានចតនៅតាមផ្លូវ... ផ្អើលគេឯង

ប្តីមិនចូលផ្ទះ៣ថ្ងៃ ប្រពន្ធតាមរកឃើញឡានចតនៅតាមផ្លូវ… ផ្អើលគេឯង

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ី បានបាត់ខ្លួនពីផ្ទះ ដោយគ្មានដំណឹងអ្វីសោះ ទោះជាប្រពន្ធកូន ក្រុមគ្រួសារទូរស័ព្ទចូលយ៉ាងណា ក៏គ្មានអ្នកលើកសោះ ស្រាប់តែ ៣ថ្ងៃក្រោយមក មានអ្នករត់តាក់ស៊ីដូចគ្នា ប្រទះឃើញរថយន្តជនរងគ្រោះ ចតលើចិញ្ចើមផ្លូវ ក៏ឈប់ចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងរថយន្ត ឡើងហើមស្អុយបាត់ទៅហើយ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សពជនរងគ្រោះដែលដេកស្លាប់ហើមស្អុយនៅក្នុងរថយន្តនោះ មានឈ្មោះនួន រ៉ាន អាយុ៥១ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី មានលំនៅផ្ទះលេខ១៤០ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលជាអ្នករត់តាក់ស៊ី ខាងលើ បានបាត់ខ្លួនចេញពីផ្ទះ ចំនួន៣ថ្ងៃមកហើយ ហើយក្រុមគ្រួសារក៏ព្យាយាមទំនាក់ទំនងតាមទូរស័ព្ទទៅជនរងគ្រោះដែរ តែជនរងគ្រោះមិនលើក រហូតព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ទើបអ្នករត់តាក់ស៊ីដូចគ្នា ឃើញរថយន្តជនរងគ្រោះចតចោលនៅចិញ្ចើមផ្លូវ ក៏ចុះទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ហើមស្អុយបាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារអាការខ្យល់គរ ពោលគឺមិនពាក់ព័ន្ធអ្វីទៅនឹងអំពើឃាតកម្មនោះទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES