តារាចម្រៀងថោន អ្នកនាងយក់ ថិតរដ្ឋា ធ្លាប់ប្រាប់នៅស្ថានីយទូរទស្សន៍ CTN ថា ចាប់ពីពេលនេះតទៅ នាងចាប់ផ្ដើមមានការប្រយ័ត្នប្រយ៉ែងជាមួយប្ដីកាន់តែខ្លាំង គឺមិនអាចថ្លោះធ្លោយបានឡើយ។

ការមិនអាចធ្វេសប្រហែលចំពោះស្វាមីរបស់អ្នកនាងយក់ ថិតរដ្ឋា នោះ គឺនាងសូមបិទផ្លូវមិនពពោះកូនទី៤ឡើយ គឺត្រឹមមានកូន៣នាក់នោះ គឺគ្រប់គ្រាន់សម្រាប់សុភមង្គលរបស់នាងនាពេលបច្ចុប្បន្ននេះ។
អតីតតារាហ្សមាសរូបនេះ បាននិយាយលាយឡំសំណើចថា ”ម្ដងនេះ អត់អាចធ្វេសប្រហែសជាមួយគាត់ (ប្ដី) ទេ ខ្លាច១ទៀត…”។

ការដែលអ្នកនាងយក់ ថិតរដ្ឋា មិនចង់បានកូនថែមបែបនេះ ដោយសារតែតារាចម្រៀងរូបនេះប្រាប់ថា ការសម្រាលកូនទាំង៣របស់នាង គឺសុទ្ធតែឆ្លងកាត់ការវះកាត់ទាំងអស់ មិនមែនសម្រាលដោយធម្មជាតិឡើយ ហេតុនេះហើយស្ថានភាពសុខភាពរបស់នាងចុះខ្សោយ និងមានបញ្ហាបេះដូងផង ទើបធ្វើឲ្យនាងសូមមិនអាចបំពេញបំណងស្វាមីដែលចង់បានកូនថែមទៀតឡើយ។ នាងថា ការមានកូនប្រុស២ ស្រី១ នេះ នាងនិងស្វាមីពេញចិត្តបំផុត ព្រោះជាអ្វីដែលនាងចង់បានជាយូរមកហើយ ឥឡូវបានដូចចិត្តមែន។

យក់ ថិតរដ្ឋា បានរៀបការជាមួយតារាចម្រៀងឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ពោលគឺចំណងស្នេហ៍១៤ឆ្នាំនេះ តារា១គូនេះ ទទួលបានចំណងដៃកូន៣នាក់ គឺកូនប្រុសទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៣ឆ្នាំ, កូនប្រុសទី២ ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជា៥ឆ្នាំ, និងកូនស្រីទី៣. ឈ្មោះឃុំ រដ្ឋាណាតាលី អាយុជាង៤ខែ។

ក្រោយសម្រាលកូនទី៣នេះ រដ្ឋា បានងាកទៅរកស៊ីលក់ដីឡូតិ៍ជាមួយស្វាមី ដែលនាងធ្វើជាម្ចាស់គម្រោងផ្ទាល់តែម្ដង។ ប្ដីប្រពន្ធតារា១គូនេះ មិនធ្លាប់មានបញ្ហារកាំរកូសក្នុងគ្រួសារធំដុំឡើយ ទើបអ្នកខ្លះចាត់ទុកថាអ្នកទាំង២ជាគូស្នេហ៍គំរូក្នុងសិល្បៈទៀតផង ខណៈដែលជីវភាពប្ដីប្រពន្ធនេះធូរធា មានផ្ទះជាច្រើនកន្លែង និងជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នា គឺ Lexus LX 570 និង Range Rover ។

យក់ ថិតរដ្ឋា បានឲ្យដឹងថា នាងនៅតែជាអ្នកចម្រៀងរបស់ផលិតកម្មថោន ដដែល ដោយគ្មានគម្រោងចេញពីផលិតកម្មនេះទេ បើទោះជាមុននេះ មាស សុខសោភា និងខេម ចេញក្ដី។

រដ្ឋា បញ្ជាក់ថា ពេលនេះកំពុងបារម្ភរឿងទម្ងន់ឡើងដល់៦០គីឡូ តែគ្រូពេទ្យប្រាប់ថា ទាល់តែក្រោយសម្រាល៥ខែ ទើបអាចហាត់ប្រាណសម្រកវិញបាន ហើយគីឡូដែលនាងស្រលាញ់គឺ៤៧៕