ឌុច លីដា មិនត្រឹមតែលែងលាក់ប្ដីនោះទេ ប៉ុន្ដែពេលនេះនាងថែមទាំងបានចេញមុខសរសើរស្វាមីនាងថា ជាបុរសម្នាក់ដែលដឹងរឿងនាងគ្រប់យ៉ាងទាំងអស់ ហើយក៏ជាអ្នកលួងលោមនាងឲ្យឈប់គិតរឿងទាំងនោះដែរ។

ជាមួយឃ្លាដែលនិយាយពីគុណសម្បត្តិប្ដីនោះ លីដា ក៏មិនឆ្លើយតបទៅអ្នកខ្លះដែលរិះគន់នាងថា យកប្ដីវ័យចំណាស់ មិនសូវសមគ្នាជាមួយនាងដែរ ព្រោះតាមអារម្មណ៍ដែលនាងបង្ហាញនៅពេលនេះ បញ្ជាក់ថា នាងរកបានបុរសម្នាក់ដែលចេះយល់ចិត្តនាងបំផុតហើយ។

ឌុច លីដា មានកូនប្រុសម្នាក់ ពេលនេះអាយុជិត១ខួបទៅហើយ ក្រោយពីនាងបានពពោះនិងសម្រាលកូនយ៉ាងអាថ៌កំបាំង កាលពីដើមខែមករា ឆ្នាំ២០២០។

លីដា ដែលថា មិនខ្វល់ពីរឿងរៀបការ ព្រោះមិនមែនជាអ្វីដែលនាងគិតថា សំខាន់បំផុតក្នុងជីវិតរបស់នាងនោះ ស្រាប់តែបានគ្រងឈុតកូនក្រមុំរៀបការយ៉ាងស្ងាត់ៗ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ រូបថតអាពាហ៍ពិពាហ៍របស់នាង មិនទាន់បែកធ្លាយ១សន្លឹកឡើយ។

ទោះជាយ៉ាងណា ការព្រមបង្ហាញមុខប្ដីនៅពេលនេះ ធ្វើឲ្យលីដា ស្រាលខ្លួនរឿងដែលគេសង្ស័យថា ស្វាមីរបស់នាងមិនមែនជាបុរសនៅទំនេរនោះ ព្រោះពេលនេះ លីដា មិនត្រឹមតែហ៊ានកៀកកើយប្ដីជាសាធារណៈនោះទេ ប៉ុន្ដែនាងថែមទាំងចេញមុខសរសើរស្វាមីថា ជាបុរសដែលដឹងរឿងរ៉ាវនាងទាំងអស់ ហើយតែងតែលួងលោមនាងទៀតផង។

លីដា ធ្លាប់អះអាងថា ប្ដីនាងមានតួនាទីជាមន្ត្រីរាជការម្នាក់ ហើយក្រោយមានកូន១នេះ នាងកាត់បន្ថយអាជីពសិល្បៈ គឺទទួលតែការងារណាដែលថតសម្ដែងខ្លីៗប៉ុណ្ណោះ បើថតរឿងភាគ នាងមិនទាន់មានពេលគ្រប់គ្រាន់ឡើយ៕

