Monday, July 21, 2025
Homeព័ត៌មានជាតិកំពុងកាយដីភ្នំយ៉ាងរំភើយ អត់ខ្លាចអាជ្ញាធរ គ្រាន់តែបិទឡូហ្គោ ស៊ីម៉ាក

កំពុងកាយដីភ្នំយ៉ាងរំភើយ អត់ខ្លាចអាជ្ញាធរ គ្រាន់តែបិទឡូហ្គោ ស៊ីម៉ាក

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ថា ដីភ្នំឈូងស្វាយ ដែលជាសម្បត្តិរដ្ឋ ត្រូវបានគ្រឿងចក្រ ១គ្រឿង មានបិទឡូហ្គោ ស៊ីម៉ាក់ ចូលទន្ទ្រានកាយយកអាចម៍ដី ស្ថិតនៅត្រង់ចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដោយមិនទាន់ឃើញមានអាជ្ញាធរមូលដ្ឋានអើពើចុះពិនិត្យនៅឡើយ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទៅនឹងទីតាំងដែលគ្រឿងចក្រកំពុងធ្វើសកម្មភាពកាយយកអាចម៍ដីខាងលី បានបង្ហើបប្រាប់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ថា គាត់បានឃើញគ្រឿងចក្រនោះ ចូលមកកាយយកអាចម៍ដី នៅទីតាំងខាងលើ តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មកម៉្លេះ ហើយចំពោះឡានដឹកដីភ្នំ នៅចំណុចខាងលើ យកទៅចាក់ធ្វើអ្វីនោះ គឺគាត់ពុំបានដឹងឡើយ។

លោកអឹម ប៊ុនយូ មេឃុំតាគ្រាម បានឱ្យដឹងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ចំពោះគ្រឿងចក្រដែលចូលកាយយកអាចម៍ដីនេះ គឺជាការស្នើសុំពីបងប្អូនប្រជាពលរដ្ឋដើម្បីយកមកធ្វើផ្លូវ ហើយឃុំ ក៏បានដាក់ពាក្យស្នើសុំទៅស្រុករួចរាល់អស់ហើយដែរ។

ដោយឡែក លោកអ៊ាម មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានឱ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ថា បញ្ហាគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពកាយយកអាចម៍ដី នៅត្រង់ចំណុចខាងលើនោះ គឺខាងមន្ទីរ មិនទាន់បានទទួលព័ត៌មានពីខាងឃុំ-ស្រុក ផ្តល់មកខាងមន្ទីរឡើយ ចំពោះគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពខាងលើ លោកនឹងចាត់ឱ្យមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យជាក់ស្តែង។

ជាមួយគ្នានេះដែរ លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹង នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ថា បញ្ហានេះលោកបានទទួលហើយ និងបន្តការស្រាវជ្រាវរឿងគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពកាយអាចម៍ដី នៅត្រង់ចំណុចខាងលើនេះ។

គួរបញ្ជាក់ដែរថា ចំពោះគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពទន្ទ្រានយកអាចម៍ដីភ្នំ នៅចំណុចឈូងស្វាយ នេះ ខាងក្រុមការងារព័ត៌មានយើង ពុំអាចសុំការបកស្រាយពីម្ចាស់គ្រឿងចក្រខាងលើនេះបានទេ កាលពីម្សិលមិញ៕

RELATED ARTICLES