ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង បានសម្រេច រួចក៏វិលមកចង់លួចបន្ថែមទៀត ទីបំផុតត្រូវសន្តិសុខទាន់ចាប់ក្របួចជាប់តែម្តង។
ជនសង្ស័យដែលត្រូវចាប់ខ្លួន មានឈ្មោះចិន ចំរើន ហៅពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះមានឈ្មោះចៀវ គឹមហុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ចំណែកសម្ភារបាត់បង់ ម៉ូតូ ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1M.2998 លេខតួនិងលេខម៉ាស៊ីន 0058301។
រីឯវត្ថុតាងចាប់យក មានកន្ត្រៃកាត់ដែក ១ដើម ពណ៌ខៀវ ដងជ័រពណ៌ខ្មៅ ដែកកែច្នៃដងឈើចុងស្រួច ១ដើម (ឧបករណ៍សម្រាប់កាច់កម៉ូតូ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះជៀវ គឹមហុង បានជិះម៉ូតូខាងលើ មកដេកនៅក្នុងផ្ទះសំណាក់ខាងលើ ដោយបានចតក្បែរម៉ូតូ និងបានចាក់សោកម៉ូតូត្រឹមត្រូវ និងមានចាក់សោច្រវាក់នៅកង់ម៉ូតូទៀតផង ហើយក៏ដេកលក់ទៅ។

លុះក្រោយមក ស្រាប់តែក្រុមជនសង្ស័យបានចូលមកធ្វើសកម្មភាពកាច់សោកម៉ូតូ និងកាត់សោច្រវាក់កង់ម៉ូតូ រួចបណ្តើរម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅបាត់ លុះបានបន្តិចក្រោយមក ជនសង្ស័យឈ្មោះចិន ចំរើន បានមកធ្វើសកម្មភាពលួចម៉ូតូ ម្តងទៀត តែត្រូវបានសន្តិសុខឃើញទាន់ ស្រែកឆោរឡោរផ្អើលល់សមត្ថកិច្ចកំពុងល្បាតក្បែរនោះ ក៏ឃាត់ជនសង្ស័យឈ្មោះចិន ចំរើន បាន រួមទាំងវត្ថុតាងធ្វើសកម្មភាព យកមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីតែម្តង៕