ខេត្តសៀមរាម ៖ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នាត នៃអធិការដ្ឋាននគរបាលស្រុកពួក បានកោះហៅឈ្មោះចិក ស្រីយ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអម្ពិលពាម ឃុំខ្នាត ស្រុកពួក មកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី កាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក។

ក្រោយពីសាកសួរ ឈ្មោះចិក ស្រីយ៉ាន់ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅក្នុងអំឡុងឆ្នាំ២០១២ ខ្លួនបានទៅទិញឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោ (ដៃខ្លី) ចំនួន ១កំផ្លេ ពីផ្សារលើធំថ្មី ក្រុងសៀមរាប ក្នុងតម្លៃ ៥០០០០រៀល និងកាត់ឯកសណ្ឋានពេទ្យ ចំនួន ១កំផ្លេ នៅចំណុចផ្សារពួក ក្នុងតម្លៃ ៦០០០០រៀល ដើម្បីយកមកថ្វាយគ្រូ (ដាក់លើអាសនៈ)។

លុះមកដល់ថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះ រី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ដែលត្រូវជាកូនសិស្សរបស់ខ្លួន បានប្រារឰធ្វើពិធីបួងសួង និងបំពេញបារមី ដោយមានអញ្ជើញក្រុមភ្លេង មកលេងថ្វាយ ហើយក៏បានអញ្ជើញខ្លួន និងកូនសិស្សរបស់ខ្លួន សរុបមានគ្នាចំនួន ១០នាក់ ឱ្យមកចូលរួមក្នុងពិធីបួងសួងនោះផងដែរ។

ក្នុងពិធីបួងសួង និងបំពេញបារមីនោះដែរ ខ្លួនបានស្លៀកពាក់ឯកសណ្ឋានមន្ត្រីនគរបាលជាតិ រាំថ្វាយចំនួន ២លើក គឺលើកទី១ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៦ព្រលប់ រហូតដល់វេលាម៉ោង ១០យប់ និងលើកទី២ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់ ដល់វេលាម៉ោង ៧យប់ ទើបចប់។

ក្រោយពីសាកសួររួច កម្លាំងសមត្ថកិច្ច បានដកហូតឯកសណ្ឋាននគរបាលជាតិ និងធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឬឯកសណ្ឋានរបស់ស្ថាប័នណាមួយ យកមកស្លៀកពាក់រាំក្នុងពិធីឡើងគ្រូ ឬបួងសួងបំពេញបារមី តទៅទៀត៕