ខេត្តព្រះសីហនុ ៖ រថយន្តឡង់គ្រីសឺរស៊េរីទំនើប ១គ្រឿង ខណៈកំពុងឈប់ចតនៅតាមចិញ្ចើមផ្លូវសុខៗ ស្រាប់តែមានស្ត្រីម្នាក់អត់ការងារធ្វើ បានរើសដុំថ្មគប់កញ្ចក់ បណ្តាលឱ្យបែកប្រេះស្រាំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុងព្រះសីហនុ។

ស្ត្រីបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៣០ឆ្នាំ និងត្រូវបានអ្នករស់នៅក្បែរខាងអះអាងថា គឺជាមនុស្សមានសតិមិនគ្រប់។ ចំណែកម្ចាស់រថយន្តរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តទំនើប ១គ្រឿង ម៉ាកឡង់គ្រីសឺរ ស៊េរី៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-6908 បានបើកមកឈប់ចតនៅចំណុចខាងលើ។ លុះមួយសន្ទុះក្រោយ ស្រាប់តែលេចមុខស្ត្រីខាងលើដើរមកជិត រួចរើសដុំថ្ម១ដុំ គប់រថយន្ត បណ្តាលឱ្យប្រេះស្រាំបែកកញ្ចក់ផ្នែកខាងមុខតែម្តង។

ក្រោយកើតហេតុ មានកម្លាំងប្រជាការពារក្រុង បានចុះឃាត់ស្ត្រីខាងលើ ប្រគល់ជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
