Saturday, April 20, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន បានចៅទី២២ ត្រៀមបង្កើតវង់តន្ត្រីសម័យ ឲ្យចៅ

សម្តេចហ៊ុន សែន បានចៅទី២២ ត្រៀមបង្កើតវង់តន្ត្រីសម័យ ឲ្យចៅ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា សម្តេច ទើបតែទទួលបានចៅស្រីទី២២ ដែលបានសម្រាលនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា មកដល់ពេលនេះ សម្តេច មានចៅប្រុស ១២នាក់ និងចៅស្រី ១០នាក់ ដែលអាចបង្កើតបានយ៉ាងងាយនូវក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង១២នាក់។ ជាមួយនេះ សម្តេច ត្រៀមនឹងខិតខំបង្កើតវង់តន្រ្តីសម័យ របស់ចៅៗ មួយវង់ទៀត ព្រោះពេលនេះចៅប្រុសចៅស្រីរបស់សម្តេច ចេះលេងភ្លេងនិងច្រៀងបានខ្លះហើយ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម​ ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០២១ ថា «ថ្ងៃទី៣ មករា ២០២១ នេះ ខ្ញុំនិងភរិយា ទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២ និងអាចជាចៅចុងក្រោយ ប្រសិនបើពុំមានកូនណាមួយ ចង់បានកូនបន្ថែមទៀតនោះទេ។កាលពីខែមករា ឆ្នាំ២០០០​ ខ្ញុំនិងភរិយា ទទួលបានចៅស្រីលើកដំបូង។​ ពេលនេះ ខែមករា ឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ថា មួយឆ្នាំ យើងខ្ញុំទទួលបានចៅម្នាក់។​ មកដល់ពេលនេះ ខ្ញុំមានចៅប្រុស ១២នាក់​ និងចៅស្រី ១០នាក់។

ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី​ និងកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង ១២នាក់ បង្កើតបានយ៉ាងងាយ។​ នៅមានទៀត​ ខ្ញុំនឹងខិតខំបង្កើតវង់តន្រ្តីសម័យ របស់ចៅៗខ្ញុំ មួយវង់ទៀត ព្រោះពេលនេះ ចៅប្រុសចៅស្រី ចេះលេងភ្លេង និងច្រៀងបានខ្លះហើយ។

សម័យកូវីដ-១៩​ ខ្ញុំទទួលបានចៅស្រី ២នាក់ ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់សម្រាល ដូចចៅមុនៗទេ ព្រោះជាវិធានការប្រឆាំងកូវីដ-១៩»។

គួរបញ្ជាក់ថា ចៅទី២២ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាកូនស្រីទី៤ របស់លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ដែលបានសម្រាលកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

សូមរំលឹកដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សម្តេចហ៊ុន សែន បានទទួលចៅស្រីទី២១ ដែលជាកូនទី៥ របស់កូនស្រីពៅសម្តេច គឺលោកស្រី ហ៊ុន ម៉ាលី។

ក្រុមគ្រួសារសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានចាត់ទុកជាគ្រួសារធំមួយ ដែលពេលនេះ សម្តេចនាយករដ្ឋមន្ត្រី និងភរិយា មានកូនបង្កើត ៥នាក់ (ប្រុស ៣ ស្រី២) បូករួមទាំងកូនប្រសា ៥នាក់ និងចៅប្រុសចៅស្រី ២២នាក់៕

RELATED ARTICLES