Monday, July 21, 2025
Homeតារាខ្មែរលោកស្រីហ៊ុន ស៊ីណាត ប្រតិកម្ម ម៉េង កែវពេជ្ជតា សុំទោសរួច ឡើងចាង

លោកស្រីហ៊ុន ស៊ីណាត ប្រតិកម្ម ម៉េង កែវពេជ្ជតា សុំទោសរួច ឡើងចាង

ភ្នំពេញ ៖ លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចោញប្រតិកម្មចំពោះតារាចម្រៀងល្បី ម៉េង កែវពេជ្ជតា ដែលលោកស្រីបានដាក់ពាក្យប្តឹងទៅតុលាការ កាលពី ពេលកន្លងទៅនោះ ដោយលោកស្រីថា តារាចម្រៀងរូបនេះបានមកសុំទោសលោកស្រីដល់ផ្ទះ ថែមទាំងធ្វើលិខិតសុំទោសជាលាយលក្ខណ៍អក្សរទៀតផង តែបែរឡើងចាង ដោយឡាយវីដេអូតាមបណ្តាញសង្គម ថា លោកស្រីដកពាក្យបណ្តឹង ឈប់ប្តឹងនាងទៅវិញ។

លោកជំទាវហ៊ុន ស៊ីណាត និងអ្នកនាងម៉េង កែវពេជ្ជតា

លោកស្រីហ៊ុន ស៊ីណាត បានបង្ហោះរូបភាពតារាចម្រៀង ម៉េង កែវពេជ្ជតា មកសុំទោសលោកស្រីដល់គេហដ្ឋាន និងលិខិតសុំអភ័យទោសរបស់តារាចម្រៀងរូបនេះ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅយប់ថ្ងៃទី04 ខែមករា ឆ្នាំ2021 ជាមួយសំណេរថា “ខ្ញុំសូមជម្រាបងប្អូន កូនក្មួយ មិត្តរួមហ្វេសប៊ុក ជាទីស្រឡាញ់ ជួយមើលតើមុខ មីមួយហ្នឹង វាមកសុំទោសខ្ញុំដល់ផ្ទះ ព្រមទាំងធ្វើលិខិតថែមទៀត តែអនិច្ចា មីមមាចនេះ វាឡាយថា ខ្ញុំដកពាក្យបណ្តឹងវា។ នេះហើយបានជាខ្ញុំស្អប់អាវប្បធម៌អន្តរាគមន៍អ៊ីចឹង បានជាមីមមាចនេះវាឡើងចាង”។

ចំពោះលិខិតសុំអភ័យទោសរបស់តារាចម្រៀងម៉េង កែវពេជ្ជតា ចុះថ្ងៃទី05 ខែ សីហា ឆ្នាំ2020 ដែលលោកស្រីហ៊ុន ស៊ីណាត បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកស្រី នៅយប់ថ្ងៃទី04 ខែមករា ឆ្នាំ2020 នោះ មានខ្លឹមសារទាំងស្រុងថា “នាងខ្ញុំឈ្មោះម៉េង កែវពេជ្ជតា ហៅម៉េង ពេជ្រចិន្តា អាយុ41ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាសិល្បការិនី មានលំនៅផ្ទះលេខ2អា9 សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមគោរពជូនលោកជំទាវ មីង ហ៊ុន ស៊ីណាត ជាទីគោរពស្រលាញ់!

ជាដំបូង ក្មួយសូមសម្តែងសេចក្តីសោកស្តាយជាពន់ពេកដែលមួយរយៈមុននេះ មានរឿងមួយចំនួន ធ្វើឱ្យអ្នកមីងមិនសប្បាយចិត្ត។ ថ្ងៃនេះដោយទឹកចិត្តគោរព ស្រលាញ់អ្នកមីង ក្មួយសូមធ្វើការសុំអភ័យទោសអ្នកមីង ចំពោះពាក្យសម្តីរបស់ក្មួយកន្លងមក គឺក្មួយគ្មានចេតនាទេ ផ្ទុយុទៅវិញក្មួយពិតជាមានការឈឺចាប់ខ្លាំងណាស់ ដែលឃើញអ្នកមីង ដែលក្មួយគោរពស្រលាញ់ស្មើម្តាយមានការអាក់អន់ចិត្តចំពោះខ្លួនដូច្នេះ ព្រោះសាច់រឿងតាំងពីដើមមក ក្មួយមិនបាននិយាយប៉ះពាល់អ្វីដល់អ្នកមីងបន្តិចទេ សូម្បីតែឈ្មោះអ្នកមីង ក៏ក្មួយមិនហ៊ាននិយាយដែរ គឺក្មួយបានព្យាយាមការពារឈ្មោះអ្នកមីងរហូត ព្រោះក្មួយគិតដល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់មីងជាធំ ព្រមទាំងគិតដល់ទឹកចិត្តដ៏ល្អដែលអ្នកមីងធ្លាប់មានមកលើក្មួយ។ ទាំងរូបនាងខ្ញុំផ្ទាល់ និងកូនៗ ព្រមទាំងគ្រួសារក្មួយ តែងចាត់ទុកអ្នកមីង ជាម្តាយ ជាលោកយាយ ដ៏គួរឱ្យកក់ក្តៅម្នាក់រហូតមក។

ប៉ុន្តែជាអចេនា ក្រោយពីមានបណ្តឹងរបស់អ្នកមីងទៅហើយទេ ដែលក្មួយបាននិយាយពាក្យខ្លះដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកមីង តែក្មួយសូមនិយាយពាក្យពិតត្រង់ថា នោះក៏ដោយសារតែក្មួយតូចចិត្តក្នុងនាមជាកូនកំព្រា ជាស្រីមេម៉ាយ ដែលចង់បានភាពកក់ក្តៅពីអ្នកមីងតែប៉ុណ្ណោះ ក្រៅពីនោះ ក្មួយគ្មានបំណងអាក្រក់ធ្វើឱ្យអ្នកមីង រងភាពអាប់ឱនជាដាច់ខាត។

សូមអ្នកម្តាយជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាផ្តល់ការលើកលែងដល់កូនចាបកូនព្រាបម្នាក់នេះ ដោយក្តីអនុគ្រោះផង! ក្មួយសូមគោរពថ្លែងអំណរគុណចំពោះអ្នកមីង ពីចម្ងាយ និងសូមសន្យាថា មិនធ្វើអ្វីឱ្យប៉ះពាល់លើអ្នកមីងទៀតទេ។ សូមលោកម្តាយជំទាវ ទទួលនូវក្តីគោរព ដោយស្មោះអស់ពីបេះដូង អំពីកូនស្រី”។

ជុំវិញប្រតិកម្មរបស់លោកស្រីហ៊ុន ស៊ីណាត និងលិខិតសុំទោសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការបំភ្លឺឆ្លើយតបពីអ្នកនាងម៉េង កែវពេជ្ជតា បានទេ កាលពី យប់ម្សិលមិញ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី09 ខែ វិច្ឆិកា ឆ្នាំ2020 តារាចម្រៀងម៉េង កែវពេជ្ជតា ធ្លាប់បានបកស្រាយបំភ្លឺចំពោះបងប្អូនមួយចំនួន ដែលមានការយល់ច្រឡំថា សម្តីរបស់អ្នកនាងសំដៅទៅលើលោកស្រីហ៊ុន ស៊ីណាត ដោយសារតែនាងមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់។ ប៉ុន្តែអ្នកនាងពេជ្ជតា បានបញ្ជាក់នៅពេលនោះ ថា បញ្ហាគ្រប់យ៉ាងរវាងអ្នកនាង និងលោកស្រី ហ៊ុន ស៊ីណាត បានបញ្ចប់ហើយ ដោយយោងលើហេតុផលទឹកចិត្តសប្បុរស មេត្តា ករុណា និងសន្តិភាព របស់លោកស្រី ក្នុងនាមជាចាស់ទុំ ដែលមានខ្សែលោហិតថ្លៃថ្នូរខ្ពង់ខ្ពស់ជាទីគោរព។

តារាចម្រៀងម៉េង កែវពេជ្ជតា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង នៅពេលនោះថា “គោរពជម្រាបសួរបងប្អូនទស្សនិកជន ក្នុងនិងក្រៅប្រទេស ជាទីគោរពរាប់អាន ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានផុសពីជោគជ័យក្នុងការតស៊ូមតិរបស់ខ្ញុំ។ មានបងប្អូនខ្លះយល់ច្រលំថា ខ្ញុំសំដៅលើលោកជំទាវមីង ហ៊ុន ស៊ីណាត។ គួរឱ្យសោកស្តាយដែលមានការយល់ខុសបែបនេះ។ ការពិតខ្ញុំចង់សំដៅលើអ្នកផ្សេងដែលបានលាបពណ៌ឱ្យខ្ញុំ អស់រយៈពេល10ឆ្នាំនោះប៉ុណ្ណោះ។ តែខ្វះចន្លោះត្រង់ខ្ញុំភ្លេច បញ្ជាក់ គឺជាកំហុសអចេតនារបស់ខ្ញុំ។ សូមបងប្អូនមេត្តាកុំយល់ច្រលំអី ខ្ញុំមិនសំដៅលើលោកទេ ព្រោះលោកមិនពាក់ព័ន្ធក្នុងបញ្ហា ណាមួយឡើយ។

បញ្ហាគ្រប់យ៉ាងរវាងខ្ញុំ និងលោកជំទាវ បានបញ្ចប់ហើយ គឺបញ្ចប់ដោយយោងលើហេតុផល ដោយទឹកចិត្តសប្បុរស មេត្តា ករុណា និងសន្តិភាព របស់លោកជំទាវ ក្នុងនាមជាចាស់ទុំដែលមានខ្សែលោហិតថ្លៃថ្នូរ ខ្ពង់ខ្ពស់ជាទីគោរព។ ពេលនេះ គឺមានតែក្តីស្រលាញ់ និងរាប់អានប៉ុណ្ណោះ ដូច្នេះពុំមានរឿងអ្វីដែលខ្ញុំត្រូវទៅប៉ះពាល់ដល់លោកនោះទេ មិនថាពេលនេះ គឺតាំងពីរឿងខ្ញុំចាប់ផ្តើមដំបូងម៉្លេះ។ ខ្ញុំមិនអាត្មានិយមដើម្បីកិត្តិយស ខ្លួន ភ្លេចគិតពីអ្នកដទៃនោះជាដាច់ខាត មិនមែនជាចរិតខ្ញុំទេ ដូច្នេះក្នុងនាមខ្ញុំជាម្ចាស់អត្ថបទដែលមានការភ្លាំងភ្លាត់ ទោះជាអចេតនាក្តី តែដើម្បីសេចក្តីថ្លៃថ្នូររបស់លោកជំទាវ ខ្ញុំសូមចេញមុខការពារកិត្តិយសលោកជំទាវ និងសូម ឱ្យបងប្អូនទស្សនិកជនទាំងក្នុង និងក្រៅប្រទេស រួមទាំងអ្នកសារព័ត៌មាន មេត្តាទទួលជ្រាបជាព័ត៌មានផង។

នាងខ្ញុំក៏សុំដោយទទូចដែរ ចំពោះបងប្អូនមួយចំនួន សូមកុំឆ្លៀតកេងចំណេញចេញជារឿងនយោបាយ ឬជាប្រការ ផ្សេងៗដើម្បីប្រយោជន៍ខ្លួន។ ខ្ញុំហត់ហើយ ខ្ញុំរងរបួសច្រើនហើយ កុំឱ្យខ្ញុំត្រូវប្រឈមនឹងរឿងអ្វីទៀត ព្រោះកន្លងមក ទាំងលោកជំទាវមីង ទាំងរូបខ្ញុំ សុទ្ធតែជាជនរងគ្រោះដូចគ្នាទេ អ្នកទទួលផល គឺជនប៉ុន្មាននាក់ដែលមិនខ្វល់ពីកិត្តិយស និងក្តីឈឺចាប់របស់អ្នកដទៃនោះ ដូច្នេះ សូមកុំយកលោកជាការលេងសើចអី ប៉ុណ្ណឹងបានហើយ ខ្ញុំសុំ។

ក្មួយក៏សូមគោរពអភ័យទោសលោកមីង ជំទាវ ពីចម្ងាយផងដែរដែលក្មួយលើកយក ឈ្មោះលោកមីង មកពេលនេះ ព្រោះមិនចង់ឱ្យមានការយល់ខុសណាមួយបន្តមកលើលោកជំទាវមីងទៀត។ ហើយដើម្បីកុំឱ្យនៅមានការយល់ច្រលំ ខ្ញុំសូមអនុញ្ញាតលុបការបង្ហោះ ពីមុនរបស់ខ្ញុំចេញ។ គួរពុំគួរ សូមមេត្តាអធ្យាស្រ័យផង។

អរគុណស្ថាបនិកសន្តិភាព អរគុណម្ចាស់ សន្តិភាព អរគុណសន្តិភាព”

RELATED ARTICLES