Saturday, July 19, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន រំលឹកខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ

សម្តេចហ៊ុន សែន រំលឹកខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ (៥ មករា​ ១៩៧៦-៥ មករា​ ២០២១) របស់សម្តេច ដែលឆ្លងកាត់សម័យសង្រ្គាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេច ស្ទើរពុំគួរឱ្យជឿថា អាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ថា «ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ របស់ខ្ញុំ (៥ មករា១៩៧៦-៥ មករា ២០២១)។ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការ គ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូ អស់រយៈពេល ២ខែ»។

សម្តេចហ៊ុន សែន បានសរសេរបន្តថា «ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស ដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយា ស្រក់ទឹកភ្នែករាប់លានតំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ»។

សម្តេចនាយករដ្ឋមន្ត្រី បានសរសេរបន្តទៀតថា «ចាប់ផ្តើមពីប្តីប្រពន្ធដ៏កម្សត់វ័យក្មេង ២នាក់ រហូតមកដល់ពេលនេះ យើងមានកូននិងចៅ យ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អ ក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ»៕

RELATED ARTICLES