ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ រថយន្តធុនធំមួយគ្រឿង បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ប៉ះជើងនៅក្នុងភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឬស្លាប់នោះទេ ដោយគ្រាន់តែខ្ទាតចេញសុទ្ធតែកំណាត់ឈើរាយប៉ាយទៅលើដី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

លោកអ៊ូ សុខុន សង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ ប្រាប់ឱ្យដឹងថា នៅក្រោយហេតុការណ៍រថយន្តក្រឡាប់ លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បានទូរស័ព្ទមករូបលោកថា មានរថយន្តដឹកឈើនៅត្រង់ចំណុចគីឡូ៣ បន្ទាប់មករូបលោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលឃើញថា ឈើគឺជារបស់ក្រុមហ៊ុនឯកជន មួយដឹកចេញពីខេត្តក្រចេះ គោលដៅយកទៅកាន់ស្រុកមុខកំពូល ខេត្តកណ្តាល។

មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ បានបន្តឱ្យដឹងទៀតថា នៅក្នុងច្បាប់ដឹកជញ្ជូនឈើចេញ ដោយរដ្ឋបាលព្រៃឈើ មានបរិមាណសរុបជាង១៧ម៉ែត្រគុប ជាប្រភេទឈើលេខ៣ចម្រុះ ក្នុងពេលដែលកម្លាំងជំនាញចុះទៅដល់មិនទាន់បានវាស់វែងរាប់ចំនួនឈើទាំងនោះនៅឡើយទេ ដោយសារតែដុំឈើនៅគំនរត្រួតលើគ្នា ហើយអ្នកបើកបររថយន្តនិងព្រូ បានហៅរថយន្តមកស្ទូចដុំឈើដើម្បីលើកដាក់រថយន្តវិញ។

បើតាមសមត្ថកិច្ចនគរបាលឱ្យដឹងថា រថយន្តខាងលើប្រើប្រាស់ល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចដែលផ្លូវមានរាងកោងបួងចង្កូតខ្លាំង ទើបក្រឡាប់តែម្តង។
ប្រភពខ្លះថា មានបង្កប់ឈើធ្នង់ ជាមួយនឹងប្រភេទឈើលេខ៣ ទាំងនេះ តែក្រុមមន្ត្រីរដ្ឋបាលព្រៃឈើចុះទៅពិនិត្យ ថាមិនមានឈើធ្នង់នោះទេ ព្រោះថាសម័យនេះឈើធ្នង់ពិបាករកណាស់។

លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ ប្រាប់ឱ្យដឹងថា មូលហេតុដែលរថយន្តដឹកឈើខាងលើក្រឡាប់ គឺដោយសារកត្តាប្រើប្រាស់ល្បឿន ហើយចំណុចកើតហេតុផ្លូវរាងកោង ទើបជាហេតុបណ្តាលឱ្យក្រឡាប់។ ត្រង់ចំណុចនេះ គឺផ្លូវចុះចំណោត នឹងឡើងទួលមានពេលខ្លះ រថយន្តឡើងទួលមិនរួចរអិលថយក្រោយក្រឡាប់ក៏មានដែរ កាលពីពេលកន្លងមក៕