Saturday, July 19, 2025
Homeព័ត៌មានជាតិម្តាយជាប់ដៃមើលកូនប្អូន ភ្លេចមើលកូនបង ស្រាប់តែផ្អើលតែម្តង

ម្តាយជាប់ដៃមើលកូនប្អូន ភ្លេចមើលកូនបង ស្រាប់តែផ្អើលតែម្តង

ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសតូចម្នាក់ឆ្លៀតពេលម្តាយភ្លេចខ្លួន បានទៅរុញកូនឡានជ័រលេងនៅមាត់ស្រះខាងក្រោយផ្ទះ ស្រាប់តែរអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រះទឹកខាងក្រោយផ្ទះក្មេងប្រុសរងគ្រោះ ចម្ងាយប្រមាណ ៧ម៉ែត្រ ស្ថិតនៅភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះតូ កក្កដា អាយុ៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះនាក់ ដានី អាយុ២៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងនិងកូនប្រុស (ក្មេងប្រុសរងគ្រោះ) នៅក្នុងបរិវេណផ្ទះទាំងអស់គ្នា មួយសន្ទុះក្រោយមក នាងជាម្តាយក៏បានដើរទៅមើលកូនតូច ១ទៀត នៅខាងមុខផ្ទះ ព្រោះកូនតូចនោះវាយំ។

ចំណែកម្តាយក្មេករបស់នាងជាប់រវល់លាងពងទានៅក្នុងផ្ទះ ទើបពេលនោះ កូនប្រុសរងគ្រោះបានទៅលេងកូនឡានជ័រក្បែរមាត់ស្រះខាងក្រោយផ្ទះ ចៃដន្យអាក្រក់ក៏រអិលដួលចូលទឹកស្រះ ហើយភ្លាមនោះ ក្រុមគ្រូសាររត់ទៅជួយ តែអកុសលកូនប្រុសនាងបានលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES