អ្នកនិពន្ធបទភ្លេងនៅហង្សមាស ម្នាក់ បានឲ្យដឹងថា ការដែលព្រាប សុវត្ថិ ធ្លាប់ជាតួឯករបស់ហង្សមាស ដែលច្រៀងនៅផលិតកម្មមួយនេះ ២៣ឆ្នាំ ហើយចេញទៅ Galaxy ដើម្បីប្រជែងជាមួយតារាហង្សមាស វិញនោះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់ហង្សមាស ទប់ទល់។

អ្នកនិពន្ធបទភ្លេងល្បីឈ្មោះរូបនោះ និយាយដោយសុំមិនបញ្ចេញឈ្មោះថា វាជារឿងពិបាកដែលពេលនេះ ហង្សមាស យកតារាចម្រៀងខេមរៈ សិរីមន្ដ ដែលទាញបានពីផលិតកម្មសាន់ដេ មកប្រជែងជាមួយតារាចម្រៀងល្បីផុតគេនៅផលិតកម្មរបស់ខ្លួនឯង គឺលោកព្រាប សុវត្ថិ ដែលកំពុងតែឈរជើងនៅ Galaxy នោះ ព្រោះអាចនិយាយបានថា ព្រាប សុវត្ថិ កាលពីមិនទាន់ចេញពីហង្សមាស គឺហាក់ដូចជាតំណាងឲ្យផលិតកម្មនេះតែម្ដង ប៉ុន្ដែក្រោយពីព្រាប សុវត្ថិ ដើរចេញ គ្រប់គ្នាអាចមើលដឹងថា ហង្សមាស មិនមែនធ្វើបានល្អ ១០០% នោះទេ បើមិនអីចឹងទេ ព្រាប សុវត្ថិ ក៏មិនដើរចេញដែរ។

អ្នកនិពន្ធបទភ្លេងរូបនោះ បន្ថែមថា ពេលនេះនៅហង្សមាស ក្រៅពីខេមរៈ សិរីមន្ដ គ្មានតារាណាដែលអាចយកទៅជល់ជាមួយព្រាប សុវត្ថិ បានទេ តែការល្បីបទ ”ពឺតៗ” មួយបទរបស់លោកសិរីមន្ត នោះ នៅតែមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានដដែល ហើយបញ្ហាគឺថា ពេលនេះ ហង្សមាស កាន់តែពិបាកប្រឈមជាមួយអតីតតារាចម្រៀងល្បីជាងគេរបស់ខ្លួន ដែលកំពុងតែជ្រកនៅ Galaxy ជាគូប្រជែងដ៏ធំរបស់ខ្លួន ព្រោះទ្រនំថ្មីនេះ គេអាចធ្វើបទចម្រៀងឲ្យព្រាប សុវត្ថិ ច្រៀងចេញបទថ្មីៗរាល់ថ្ងៃក៏បានដែរ។

ថ្វីត្បិតតែមានការអះអាងថា ព្រាប សុវត្ថិ របស់Galaxy កំពុងធ្វើឲ្យខេមរៈ សិរីមន្ដ របស់ហង្សមាស ពិបាកប្រឈមក្ដី ប៉ុន្ដែនៅរយៈពេលចុងក្រោយនេះ គេឃើញលោកសិរីមន្ត ហាក់ឡើងកូដខ្លាំងជាងមុន រហូតវ៉ាដាច់អស់តារាចម្រៀងរួមក្រុមនៅហង្សមាស ក្រោយផ្ទុះបទ”ពឺតៗ” មក ដែលធ្វើឲ្យសិរីមន្ដ កាន់តែមានជំនឿចិត្តយ៉ាងមុតមាំថា អាចនឹងទៅអង្គុយកៅអីព្រាប សុវត្ថិ ដែលទំនេរនៅហង្សមាស ព្រោះសិរីមន្ដ មានខ្នងធំនៅខាងក្រោយភាពល្បីល្បាញរបស់ខ្លួននោះ គឺមានលោកខេមរៈ ភារុណ ដែលជាបងប្រុស ជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀង ឬអាចនិយាយបានថា ជាអ្នកកំណត់ពីជោគវាសនានៃការល្បីរបស់សិរីមន្ដ ផងដែរ។

ដោយឡែក លោកព្រាប សុវត្ថិ វិញ ត្រូវបានអ្នករៀបចំការប្រគំតន្រ្ដីម្នាក់ នៅ PNN បានឲ្យដឹងថា ការមានតែលោកយឹម តាស្រង់ ម្នាក់ជួយសរសេរបទចម្រៀងឲ្យលោកច្រៀងនោះ មិនអាចយកឈ្នះហង្សមាស ដែលសម្បូរទៅដោយធនធានមនុស្ស ហើយកំពុងតែប្រឹងលើកខេមរៈ សិរីមន្ដ បានឡើយ។

ប៉ុន្តែអ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ ធ្លាប់អះអាងថា ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ម្នាក់ណាចេញបទចម្រៀងបានច្រើនជាងនៅពេលនេះ គឺអ្នកនោះ ជាអ្នកឈ្នះហើយ។

ប៉ុន្ដែលោកនូ ស៊ិប បែរជាថា ពេលនេះ ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ពឹងទៅលើការធ្វើបទចម្រៀងមួយណាធ្វើបទបានល្អជាង គឺម្នាក់នោះជាអ្នកមានប្រៀបជាង។ លោកថា សិរីមន្ដ ផ្ទុះបទ ”ពឺតៗ” ១បទនេះ នៅមិនទាន់អាចយកឈ្នះព្រាប សុវត្ថិ បានទេ។

ព្រាប សុវត្ថិ ទោះជាមតិមួយចំនួនថា ខេមរៈ សិរីមន្ដ ហាក់មានប្រៀបនៅចុងក្រោយនេះមែន ប៉ុន្ដែតម្លៃខ្លួនច្រៀង សម្ដែង និងការថតស្ពតរបស់អតីតតារាចម្រៀងនៅហង្សមាស រូបនេះ នៅតែខ្ពស់ជាងតារាផ្សេងទៀត ហើយបណ្ដាស្ពតធំៗ ដែលលោកកាន់កាប់នៅតែបន្ដការធ្វើការជាមួយតារាល្បីរូបនេះដូចមុនដដែល ទើបគេអាចសន្និដ្ឋានបានថា ព្រាប សុវត្ថិ មិនទាន់ធ្លាក់កូដឡើយ ក្រោយប្ដូរផលិតកម្មច្រៀងជាង៤ខែនេះ៕ ហ៊ឹម វិចិត្រ
