ភ្នំពេញ ៖ ក្រុមហ៊ុនWorld City បានសម្រេចចិត្តប្តឹង អ្នកលួចបន្លំលក់ដីក្នុងគំរោងរបស់ខ្លួនទៅតុលាការ ហើយជាលទ្ឋផលតុលាការសាលាតំបូងរាជធានីភ្នំពេញបានសម្រេចកាត់ទោសអ្នកលួចលក់ដីមួយរូបដាក់ពន្ឋនាគារ។
កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារ និងបង្គាប់អោយសងសំណងលើការខូចខាតដល់ក្រុមហ៊ុនវើលដ៏ ស៊ីធី ពីឈ្មោះទៅលើលោក ហេង ច័ន្ទធីដាក់ពន្ឋនាគារពីក្រោមបទឆបោក ដែលទណ្ឌិតនេះបាន ប្រព្រឹត្តិតាមរយៈការព្យាយាមលក់ដីក្នុងគម្រោងទីក្រុងរណប CAMKO នេះដោយខុសច្បាប់។
សាលក្រមដែលមានចុះហត្ថលេខាដោយចៅក្រមជំនុំជំរះលោកលឹម មករន្ទ និងក្រឡាបញ្ជីរលោកលី សូលីដាបានបង្គាប់ឲ្យលោកហេង ច័ន្ទធីសងសំណងការខូចខាត និងជំងឺចិត្តសរុបចំនួន៥លានរៀល ទៅក្រុមហ៊ុនWorld CITY ដែលមានតំណាងឈ្មោះលី សាងហូ តាមមាត្រាទី៣៥៥ ក្រមនិតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងនឹងការសម្រេចផ្តន្ទាទោសទណ្ឌិតខាងលើ លោកខេង សែ ដែលជាមេធាវីតំណាងអោយក្រុមហ៊ុនវើលដ៍ ស៊ីធី បានថ្លែងថាៈ “នេះគឺជាសារព្រមានមួយទៅកាន់អ្នកគួកជេរខិលខូចទាំងនោះ ដែលបង្កការខូចខាតដល់កេរ្តិឈ្មោះគម្រោង ហើយយើងនឹងរៀបចំវិធានការធ្ងន់ធ្ងរជាងនេះទៅទៀត បើសិនជាសកម្មភាពនៃការដើរលក់ដីដោយខុសច្បាប់នេះនៅតែបន្ត”។
លោក Lee Seoung Hyung នាយកជាន់ខ្ពស់ នៃក្រុមហ៊ុនWorld CityដែលបាននិងកំពុងវិនិយោគគំរោងCAMKOបានថ្លែងឲ្យដឹងថា ដោយសារតំបន់ទីក្រុងរណបនេះ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ពិសេសការវិនិយោគផ្សារទំនើបAEON Mallទី២បានសាងសង់នៅតំបន់នេះ បានធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃយ៉ាងលឿនក្នុងរយៈពេលចុងក្រោយនេះ។លោកបន្តថា ដោយសារមូលហេតុខាងលើនេះ ទើបធ្វើឲ្យអ្នកគួកជេរដីខិលខូច និងគ្មានវិជ្ជាជីវៈមួយចំនួនបានធ្វើការបំផុសព៌តមានមិនពិត ដើម្បីលក់ដីរបស់ទីក្រុងរណបនេះដោយខ្លួនឯង ដែលជាការបោកប្រាស់ដល់ប្រជាពលរដ្ឋ និងសាធារណៈជន។
លោកបន្តថា “ថ្នាក់ដឹកនាំទីក្រុងរណបនេះ សូមបដិសេធទាំងស្រុងថាទីក្រុង camkoលក់ដីក្នុងគំរោងនេះ ហើយការលក់ដីរបស់អ្នកគួកជេរទាំងនោះគឺជាការធ្វើឡើងដោយខុសច្បាប់”។លោកបានសង្កត់ធ្ងន់បន្តថា “ពាក្យចចាមអារាមនៃការលក់ដីគម្រោងទីក្រុងរណបcamko cityនេះគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់ក្រុមហ៊ុន”។
លោកបន្តថា ក្រុមហ៊ុនវើលដ៍ ស៊ីធីមិនបានចាត់តាំងអ្នកគួកជេរណាមួយ ក្នុងការដើរលក់ដីគម្រោងនោះទេ ហើយលោកស្នើអោយសាធារណជនធ្វើការសហការក្នុងការជូនពត៌មានស្តីពីការលក់ដីក្នុងគម្រោងដោយខុសច្បាប់នេះ។ ដើម្បីជាសវៀងការខូចខាតដោយសារតែអំពើឆបោកនេះ សាធារណជនអាចមកកាន់ការិយាល័យក្រុមហ៊ុនវើលដ៍ ស៊ីធីផ្ទាល់ដែលមានទីតាំងនៅក្នុងទីក្រុងរណប CAMKO ដើម្បីសួរបញ្ជាក់ពត៌មាន។
ទីក្រុងរណបcamko cityមានផ្ទៃដីសរុបចំនួន១១៩ហិកតា និងបានអភិវឌ្ឍប្រមាណជា២០ហិកតារួចហើយរហូតមកទល់ពេលនេះ ហើយនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនWorld CITY នឹងធ្វើការវិនិយោគគំរោងមួយចំនួនបន្ថែមទៀតដូចជា ការសាងសង់ខុនដូសម្រាប់ប្រជាជនមានជីវភាពថ្នាក់កណ្តាល ផ្សារទំនើបយកមន្ទីរពេទ្យ អាគារការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត៕
ដោយ ៖គង់ លាងហួរ