Saturday, July 19, 2025
Homeតារាខ្មែរកញ្ញាអ៊ីវ៉ា ដឹកដៃបុរសម្នាក់ទៅលេងខេត្តសៀមរាប មិនហ៊ានបង្ហាញមុខ

កញ្ញាអ៊ីវ៉ា ដឹកដៃបុរសម្នាក់ទៅលេងខេត្តសៀមរាប មិនហ៊ានបង្ហាញមុខ

ថ្មីៗនេះ តារាចម្រៀងសាន់ដេ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបណ្ដើរបុរសម្នាក់ទៅកម្សាន្ដគយគន់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ​ប៉ុន្ដែអ្វីដែលចម្លែកនោះ អ៊ីវ៉ា មិនហ៊ានកៀកកើយបុរសនោះដោយបើកចំហឡើយ ហើយសូម្បីតែថតរូប ក៏នាងមិនហ៊ានដែរ គឺយកស្ទីគ័របាំងមុខប្រុសនោះជិត មិនឲ្យគេស្គាល់ទេ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីនាងបង្ហោះបានតែប៉ុន្មាននាទី ក៏លុបចេញវិញភ្លាម។

ប៉ុន្តែតាមអ្នកស្និទ្ធអ៊ីវ៉ា បានបង្ហើបឲ្យដឹងថា មូលហេតុដែលតារាសាច់សខ្ចីរូបនេះ មិនចង់ឲ្យគេស្គាល់បុរសរូបសង្ហាដែលរួមដំណើរជាមួយនាងនោះ ព្រោះប្រុសនោះជាមនុស្សពិសេស ដែលអ៊ីវ៉ា កំពុងតែមើលចិត្តថ្លើមគ្នា។

ការដែលអ៊ីវ៉ា ហ៊ាននាំបុរសរូបសង្ហារទៅដើរលេងនេះ បន្ទាប់ពីមុននេះ ឪពុករបស់នាង លោកអ៊ូ វ៉ាវ បានប្រកាសថា លោកចង់ឲ្យកូនស្រីយកប្ដីឲ្យកាន់តែឆាប់កាន់តែល្អ ព្រោះនឹងបានជំនួសដៃជើងលោក ពិសេស គឺការបើកឡានជូននាងទៅច្រៀងសម្ដែងគ្រប់ខេត្តក្រុង។

លោកវ៉ាវ ថែមទាំងថា លោកមិនខ្លាចកូនស្រីមានប្ដីទៅធ្លាក់កូដ ច្រៀងទៅលែងល្បីនោះទេ គឺលោកមានតែធ្លាប់ឲ្យយោបល់កូនថា កុំនៅយូរពេកមិនល្អទេ ហើយលោកបានផ្ដល់សិទ្ធឲ្យនាងជ្រើសរើសគូស្រករដោយខ្លួនឯង ដល់ទៅ ៦០% ខណៈលោកសុំតែ ៤០% ជាអ្នកសម្រេចតាមក្រោយប៉ុណ្ណោះ។

ប៉ុន្ដែលោកវ៉ាវ បានបញ្ជាក់ថា ចិត្តលោកគឺចង់បានកូនប្រសាជាបុរសវ័យចំណាស់ មិនមែនចង់បានក្មេងៗទេ ព្រោះវ័យចំណាស់ គេចាស់ចិត្តចាស់គំនិតល្អជាងក្មេង។

ដោយឡែក តារាចម្រៀងអ៊ីវ៉ា បែរជាថា មិនទាន់ចង់បានប្ដីឡើយ ហើយឆ្នាំនេះ ទើប២៧ឆ្នាំ ចាំឲ្យដល់អាយុ៣០ឆ្នាំ ទើបនាងគិតគូររឿងរៀបការ។

ការមិនហ៊ានបង្ហាញមុខបុរសនោះជាចំហ បញ្ជាក់ថា កញ្ញាអ៊ីវ៉ា មិនទាន់ច្បាស់លាស់ជាមួយបុរសនោះឡើយ តែនេះជាសញ្ញាថ្មីមួយបង្ហាញថា បេះដូងនាងចាប់ផ្ដើមបើកទទួលយកស្នេហ៍ថ្មី ហើយក្រោយមិនអាចផ្សះផ្សាស្នេហ៍ចាស់ ជាមួយលោកថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប បាន៕

RELATED ARTICLES