Thursday, July 17, 2025
Homeព័ត៌មានជាតិប្រើល្បិចបែបនេះសោះ ទើបបានលុយជិតកន្លះលាន ដោយស្រួល

ប្រើល្បិចបែបនេះសោះ ទើបបានលុយជិតកន្លះលាន ដោយស្រួល

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ ត្រូវបានដើមបណ្តឹងចំនួន ២នាក់ បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ពីស្ថាប័នមានសមត្ថកិច្ចចំនួន២ផ្សេងគ្នា ពីបទឆបោក ប្រើល្បិចខ្ចីប្រាក់សរុបជាង៤០ម៉ឺនដុល្លារ ដោយដាក់តម្កល់ប្លង់ដីក្លែងក្លាយ លុះក្រោយពីបានលុយដល់ដៃ ក៏នាំគ្នាវេចលុយរត់បាត់ ទើបជនរងគ្រោះប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

យោងតាមពាក្យបណ្តឹងដែលបានដាក់ចូលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនោះ បានប្តឹងចោទប្រកាន់ទៅលើបុគ្គលឈ្មោះថាន់ ថុល អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះជា សុខលី អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ថាបានបោកលុយពីបុរសអាយុ ៥៨ឆ្នាំ និងប្រពន្ធអាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងខណ្ឌបឹងកេងកង ចំនួន ១៥ម៉ឺនដុល្លារ កាលពីខែមករា ឆ្នាំ២០២០ ហើយគេចខ្លួនបាត់។

នៅក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២០ ពីរនាក់ប្តីប្រពន្ធ ជំនាញខាងបោកលុយ ឈ្មោះថាន់ ថុល និងឈ្មោះជា សុខលី បានលួងលោមនិងបោកបញ្ឆោតជនរងគ្រោះសុំខ្ចី លុយ ១៥ម៉ឺនដុល្លារ ដោយដាក់តម្កល់ប្លង់ដី ១ច្បាប់ និងមូលប្បទានបត្រ១សន្លឹក ដើម្បីធានាបំណុល។ លុះដល់ខែមេសា ឆ្នាំ២០២០ ជិតដល់ថ្ងៃសងប្រាក់ ភាគីម្ចាស់ប្រាក់ (ជនរងគ្រោះ) បានទូរស័ព្ទទៅរំលឹក ២នាក់ប្តីប្រពន្ធ ជាជនឆបោកនោះថា ជិតដល់ថ្ងៃសងប្រាក់ហើយ។ ប៉ុន្តែ ២នាក់ប្តីប្រពន្ធនោះ បានតបមកវិញថា សុំពន្យារពេលសងប្រាក់ដើម តែភាគីជនរងគ្រោះ មិនយល់ព្រម។

ពាក្យបណ្តឹង បានបន្តថា លុះដល់ថ្ងៃកំណត់សងប្រាក់ ២នាក់ប្តីប្រពន្ធនោះ បិទទូរស័ព្ទគ្រប់ប្រព័ន្ធ និងរត់គេចខ្លួនបាត់។ ក្រោយពីដឹងថា រឿងនេះមិនស្រួល ភាគីរងគ្រោះ បានទៅសុំផ្ទេរសិទ្ធិដីធ្លី នៅមន្ទីរសុរិយោដី ទើបដឹងថា ពួកខ្លួនចាញ់បោកគេ ដោយមន្ត្រីសុរិយោដីបញ្ជាក់ថា ការចុះបញ្ជីផ្ទេរសិទ្ធិលើអចលនវត្ថុនេះ មិនមែនជាអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ដីពិតប្រាកដ និងស្របច្បាប់ ដែលតម្កល់ទុក ពេលកសាងប្លង់រឹងនេះ មិនមែនអត្តសញ្ញាណប័ណ្ណឈ្មោះចាន់ ថុល និងឈ្មោះជា សុខលី ទេ ហើយដីនេះក៏មិនមែនជាកម្មសិទ្ធិរបស់ជន២នាក់នេះដែរ គឺឈ្មោះទាំង២នាក់នេះ បានប្រើប្រាស់ប្លង់ដីក្លែងក្លាយ មកបោកប្រាស់ជនរងគ្រោះ។

ក្រោយមក ជនបោកប្រាស់ទាំងពីរនាក់នេះ និងក្មួយរបស់ខ្លួនម្នាក់ទៀត ឈ្មោះឡោ ឆេងហុង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៥-០៥-១៩៩១ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១១៦១២១៧៤៥ ចុះថ្ងៃទី២៥-០២ ២០១៦ អាសយដ្ឋានបច្ចុប្បន ផ្ទះលេខ១៤ ផ្លូវ០២ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ បានប្រើល្បិចកលដដែល ទៅខ្ចីប្រាក់ចំនួន២៥ម៉ឺនដុល្លារ ពីស្ត្រីអាយុ៤០ឆ្នាំ ម្នាក់ផ្សេងទៀត ដែលស្នាក់នៅក្នុងខណ្ឌទួលគោក ដោយប្រើវិធីសាស្ត្រក្លែងឯកសារដូចអ្នកទី១ ខាងលើដែរ។

ដោយចាញ់បោកទាំងភ្នែកស្រស់យ៉ាងដូច្នេះហើយ ទើបភាគីរងគ្រោះទី១ បានប្តឹងទៅក្រសួងមហាផ្ទៃ ពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ ចំណែកជនរងគ្រោះទី២ បានប្តឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសដូចជនរងគ្រោះទី១ដែរ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ចំណាត់ការរបស់មន្ត្រីនគរបាល ក៏មិនទាន់មានពន្លឺ ហើយជនឆបោក ក៏មិនដឹងគេចខ្លួនទៅរស់ទៅទីណាឡើយ។

ជាមួយនេះ ភាគីជនរងគ្រោះ បានលើកឡើងថា សូមឱ្យជននោះចូលមកដោះស្រាយគ្នាដោយសន្តិវិធី ប្រសិនបើមិនចូលខ្លួនដោះស្រាយទេ សមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ហើយជាមួយនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញជនបោកប្រាស់ ២នាក់ប្តីប្រពន្ធនេះ រស់នៅទីណា សូមរាយការណ៍មកកាន់លេខទូរស័ព្ទ ០៨១ ៨០០ ០៩៩ និង ០១២ ៨០០ ០៩៩ រហូតឈានដល់ឃាត់ខ្លួនបាននោះ ពួកគាត់នឹងមានជូនសាគុណ ជាទីគាប់ចិត្ត ចំនួន ៣០០០ដុល្លារទៀតផង៕

RELATED ARTICLES