Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិតម្រូវ​ការ​អគារ​ការិយា​ល័យ​ឆ្នាំ​នេះ​មាន​កំណើន​ល្អ​ប្រសើរ

តម្រូវ​ការ​អគារ​ការិយា​ល័យ​ឆ្នាំ​នេះ​មាន​កំណើន​ល្អ​ប្រសើរ

ភ្នំពេញ ៖ តម្រូវការអាគារការិយាល័យមានកំនើនល្អប្រសើរ ស្របតាមចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយលំហូរអ្នកវិនិយោគបរទេសចូលមកប្រទេសនេះនៅតែមានកំណើនល្អប្រសើរ។

លោកប៉ែន ភីរុនអ្នកគ្រប់គ្រងទូទៅនៃអាគារវិមានកាណាឌីយ៉ាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា តម្រូវការអាគារការិយាល័យគិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ មានកំណើនក្នុងរង្វង់៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យអត្រាប្រើប្រាស់ទំហំការិយាល័យ សរុបក្នុងអាគារនេះកើនឡើងដល់រង្វង់៩០ភាគរយ។លោកបន្តថា មានក្រុមហ៊ុនថ្មីៗជាច្រើនបានចូលមកប្រើប្រាស់អាគារនេះ ដែលក្រុមហ៊ុនទាំងនោះភាគច្រើន ជាក្រុមហ៊ុនមកពីប្រទេសចិន។

អាគារវិមានកាណាឌីយ៉ាមានទំហំការិយាល័យសរុប ជាង១២.០០០ម៉ែត្រការ៉េ ដែលគ្របដណ្តប់ចាប់ពីជាន់ទី១៦ដល់ជាន់ទី២៧ នៃអាគារនេះ និងមួយផ្នែកស្ថិតនៅ ជាន់ទី១ និងជាន់ទី២របស់អាគារនេះផងដែរ។

លោកប៉ែន ភីរុនបានបន្តថា អាគារការិយាល័យនេះបាននិងកំពុងដាក់ជួលក្នុងតំលៃ២៥ដុល្លារបូក៥ដុល្លារ ជាថ្លៃសេវាកម្មផ្សេងៗនៅក្នុងអាគារនេះ ដែលបានផ្តល់ឲ្យក្រុមហ៊ុនជួលអាគារការិយាល័យនេះប្រើប្រាស់។ លោកបន្តថា លោកនៅតែមានសុទិដ្ឋិនិយមថា ទីផ្សារការិយាល័យនឹងមានតម្រូវការកើនឡើងបន្ថែមទៀត ដោយសារការហូរចូលមកក្រុមហ៊ុនថ្មីៗជាច្រើន ចូលមកបោះទីតាំងនិងវិនិយោគនៅកម្ពុជា។

អាគារការិយាល័យវិមានកាណាឌីយ៉ា ក៏មានផ្តល់ការិយាល័យជួលខ្នាតតូច ដែលអាចត្រឹមតែដាក់តុមួយ និងកៅអីមួយសម្រាប់ធ្វើការ ដោយក្រុមហ៊ុនREGUSបានជួលអាគារនេះមួយជាន់ ហើយយកមកកែច្នៃជាការិយាល័យខ្នាតតូចសម្រាប់ជួល។

លោកហុន ម៉េងហៀងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនVTURUST Propertyបានថ្លែងថា តម្រូវការអាគារការិយាល័យVTRUST TOWERមានកំនើន១៥ភាគរយនៅឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារមានក្រុមហ៊ុនមានកេរ្ត៍ ឈ្មោះល្បីៗបានមកជួលអាគារការិយាល័យ ដែលមានកំពស់១៥ជាន់ និងទំហំការិយាល័យសរុបជិត២ម៉ឺនម៉ែត្រការ៉េនេះ។លោកបន្តថា តម្រូវការអាគាការិយាល័យឆ្នាំនេះ នៅឆ្នាំខាងមុខរំពឹងនឹងនៅតែមានភាពល្អប្រសើរ ដោយសារចំនួនក្រុមហ៊ុនបរទេសចូលមកកម្ពុជាកាន់តែច្រើន។

លោកបន្តថា អាគារការិយាល័យVTRUST TOWERមានចំណតរថយន្តជាង៣០០គ្រឿង និងមានការបំពាក់សេវាកម្មយ៉ាងសម្បូរបែបដល់អតិថិជន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទាក់ទាញក្រុមហ៊ុននានាមកបោះទីតាំងការិយាល័យ។ អាគារនេះត្រូវបានជួលក្នុងតំលៃចន្លោះពី១៦ ទៅ២០ដុល្លារ បូក៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុនCentury21 Cambodia ដែលមានក្រុមហ៊ុនVTRUST GROUP ជាបុត្រសម្ព័ន្ឋ ហើយកំពុងគ្រប់គ្រងអាគារការិយាល័យចំនួន៣នៅទីក្រុងភ្នំពេញបានថ្លែងថា តម្រូវការអាគារការិយាល័យ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់នោះទេ ដោយសារតម្រូវការនៅតែកើនឡើង ដោយសារមិនទាន់មានការផ្គត់ផ្គង់អាគារការិយាល័យថ្មីៗនៅក្នុងទីផ្សារនៅឡើយ ប៉ុន្តែតម្រូវការការិយាល័យកើនឡើង ដែលធ្វើឲ្យអត្រាប្រើប្រាស់អាគារការិយាល័យនានាកើនឡើងនូវចំនួនអ្នកប្រើប្រាស់។

លោកបន្តថា “អាគារការិយាល័យប្រភេទB នៅតែមានតម្រូវការនាំមុខគេ ដោយសារអាគារប្រភេទនេះមានតំលៃសមរម្យ ហើយក្រុមហ៊ុននៅកម្ពុជា និងបរទេសភាគច្រើនជាក្រុមហ៊ុនខ្នាតតូច និងមធ្យម ដែលធ្វើឲ្យពួកគេមិនសូវចំណាយថវិកាច្រើនលើការិយាល័យនោះទេ”។លោកបន្តថា “អាគារការិយាល័យប្រភេទB មានតំលៃជួលចន្លោះ១០ទៅ១២ដុល្លារក្នុងមួយម៉ែត្រការ៉េ បូកបន្ថែមថ្លៃសេវាកម្មមួយចំនួនទៀត”។

គង់ លាងហួរ

RELATED ARTICLES