Thursday, July 17, 2025
Homeព័ត៌មានជាតិបានលុយថ្មីៗ នាំគ្នាចូលជប់លៀងនៅ "សេះមាស" សមត្ថកិច្ចចាប់

បានលុយថ្មីៗ នាំគ្នាចូលជប់លៀងនៅ “សេះមាស” សមត្ថកិច្ចចាប់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នា១៨នាក់ បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះម្នាក់ បានសម្រេច តែត្រូវបានសមត្ថកិច្ចតាមចាប់ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនបាន២លើក និងដកហូតបានម៉ូតូប្រគល់ឱ្យជនរងគ្រោះវិញ លុះមកដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដែលបាននាំគ្នាចូលទៅជប់លៀងក្នុងក្លឹបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅភូមិពាំងរំចេក សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យចំនួន ១៨នាក់ ជិះម៉ូតូ ៩គ្រឿង បានធ្វើសកម្មភាពប្លន់ជនរងគ្រោះម៉ូតូហុងដា ឌ្រីម ២០២០ បានសម្រេច ហើយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា និងចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី។

លុះមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវរកមុខសញ្ញាកាប់ប្លន់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ និងតាមយកម៉ូតូជនរងគ្រោះ ដែលជនសង្ស័យកាប់ប្លន់ប្រគល់ឱ្យជនរងគ្រោះវិញ។ ក្រុមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន កាលពីលើកទី១ សរុបមានគ្នា ៨នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញនឹងបញ្ជូនបន្តទៅតុលាការ។

ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ជនសង្ស័យជាមុខសញ្ញាកាប់ប្លន់ បាននាំគ្នាចូលលេងក្នុងក្លឹបសេះមាស ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបានចំនួន ៦នាក់និដកហូតម៉ូតូចំនួន ៤គ្រឿង ហើយបានបន្តទៅឃាត់ខ្លួនយុវជន ២នាក់ទៀត នៅចំណុចផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងដកហូតបានម៉ូតូ ២គ្រឿងផង។

បន្ទាប់ពីការសាកសួរជនសង្ស័យទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាកាប់ប្លន់មានចំនួន ២នាក់ប៉ុណ្ណោះ ចំណែក ៦នាក់ទៀត មិនមែនជាមុខសញ្ញាកាប់ប្លន់នោះឡើយ។

ក្រោយពេលឃាត់ខ្លួនបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានបញ្ជូនជនសង្ស័យ ២នាក់ ជាមុខសញ្ញាកាប់ប្លន់ និងម៉ូតូ ២គ្រឿង ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក យុវជន ៦នាក់ទៀត និងម៉ូតូចំនួន ៤គ្រឿង ត្រូវបានសមត្ថកិច្ចហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា និងធានាឱ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES