ភ្នំពេញ ៖ ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រ ទើបនឹងចេញពីធ្វើការ ក៏ត្រូវក្រុមឆបោក (ទម្លាក់យោង) បានប្រើល្បិចធ្វើជារើសបានមាស រួចហៅទៅចែកគ្នា ទីបំផុតត្រូវក្រុមជនសង្ស័យលួងដោះយកគ្រឿងអលង្ការអស់ពីខ្លួនបានមកវិញ ត្រឹមខ្សែកកាឡៃ១ខ្សែប៉ុណ្ណោះ។
ករណីទម្លាក់យោងខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះស្រីឡៃ អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកសម្ភារ:បាត់បង់ រួមមាន ខ្សែក ចិញ្ចៀន និងកងដៃ។ រីឯវត្ថុតាងបន្សល់ទុក ខ្សែកកាឡៃ ១ខ្សែ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការ ទៅផ្ទះ ដោយដើរតាមបណ្តោយផ្លូវខាងលើ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ដើរមកសួររឿងគេជ្រុះបាត់កាបូបលុយ មិនទាន់ទាំងឆ្លើយផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាកុំមាត់ គេរើសបានកាបូបលុយ យើងទុកចែកគ្នា។ ថាហើយល្បួងជនរងគ្រោះឡើងជិះម៉ូតូ មួយគ្រឿង នាំទៅដល់ចំណុចមាត់ប្រឡាយ ក៏ឈប់ម៉ូតូ ហុចកាបូបខ្មៅ ក្នុងនោះមានខ្សែក ជាលោហៈក្រហម ឱ្យ រួចចាប់ដោះយកខ្សែក ចិញ្ចៀន កងដៃ ហើយនាំគ្នាជិះចេញទៅ ដោយប្រាប់ថា ទៅដូរ លក់ចែកគ្នា។

លុះគ្រាន់តែជនសង្ស័យទាំង៤នាក់ (ប្រុស២ ស្រី២) ជិះចេញផុត ស្ត្រីរងគ្រោះទាញយកខ្សែកនោះមកមើល ទើបដឹងថា កាឡៃ និងព្យាយាមស្រែកឆោឡោឱ្យគេជួយដែរ តែគ្មានអ្នកណាឮ បានត្រឹមស្រែកទ្រហោយំដើរទៅអង្គុយមុខផ្ទះអ្នកលក់ដូរតែប៉ុណ្ណោះ។

ជនរងគ្រោះ ក្រោយពីចាញ់ល្បិចក្រុមទម្លាក់យោង អស់គ្រឿងអលង្ការពីខ្លួន បានមកវិញខ្សែកកាឡៃ រួចមក បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ បានលើកឡើងថា ល្បិចឆបោកទម្លាក់យោងនេះ គឺជាល្បិចចាស់គំរឹល ដែលក្រុមជនសង្ស័យ តែងដើរឆបោកស្ទើរគ្រប់កន្លែង ប៉ុន្តែជាក់ស្តែង នៅតែមានអ្នកចាញ់ល្បិចបោកប្រាស់មួយនេះ អស់ពីខ្លួន ជាញឹកញាប់ ទាំងនេះ សបញ្ជាក់ ឱ្យឃើញថា ភាពលោភលន់ ចង់បានហួសប្រមាណ ដោយមិនគិតគូរវែងឆ្ងាយ អាចនាំឱ្យអន្តរាយខ្លួនឯងទៅវិញ៕