ខាន់ ជេមស៍ ដែលធ្លាប់លាក់រឿងប្រពន្ធកូនជាង១០ឆ្នាំនោះ ពេលនេះបានព្រមបង្ហាញថា រូបគេមានកូនៗដល់ទៅ៤នាក់ (ស្រី២) ខណៈដែលកូនស្រីច្បង ជិតពេញក្រមុំទៅហើយ។

ស្ងាត់ៗ ខាន់ ជេមស៍ បែរជាបញ្ចេញប្រពន្ធកូនឲ្យគេដឹងបែបនេះ ត្រូវបានអ្នកខ្លះលាន់មាត់ថា តារាចម្រៀងសាន់ដេ រូបនេះ ខ្លាំងជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត ដែលពួកគេមានកូនត្រឹម៣ ស្មើគ្នា។

ទោះជាយ៉ាងណា ខាន់ ជេមស៍ មិនហ៊ាននិយាយថា រូបគេបានរៀបការប្រពន្ធតាំងពីពេលណាឡើយ ទើបធ្វើឲ្យអ្នកខ្លះនៅតែសង្ស័យថា អ្នកចម្រៀងមិនសូវខ្ពស់តែសំឡេងខ្លាំងរូបនេះ មិនទាន់បានរៀបការជាចំហឡើយ។

ប៉ុន្ដែការដែលខាន់ ជេមស៍ មានកូន៤នាក់ ហើយត្រូវបានអ្នកខ្លះថា លោកជេមស៍ មិនធម្មតានេះ នៅមានមនុស្សមួយចំនួនទៀតបែរជានិយាយថា លោកជេមស៍ នៅចាញ់តារាចម្រៀងវណ្ណា ស័ក្ក នៅឡើយ ព្រោះតារា M រូបនោះ ល្បីថា ធ្លាប់មានស្រីស្នេហ៍ដល់ទៅ៧នាក់ និងមានកូនសរុបច្រើនជាងលោកជេមស៍ ទៅទៀត។

ខាន់ ជេមស៍ ចាប់ផ្ដើមបង្ហាញថា រូបគេមានប្រពន្ធកូន ក្រោយពីតារាចម្រៀងខេមរៈ សិរីមន្ត បានព្រមសារភាពថា មានប្រពន្ធនិងកូន៣នាក់ កាលពីឆ្នាំ២០១៨ បន្ទាប់ពីសិរីមន្ដ ប្រឹងលាក់រឿងឯកជនផ្ទាល់ខ្លួន ជិត១០ឆ្នាំ។

ដោយឡែក ការបង្អួតភាពផ្អែមល្ហែមជាមួយភរិយារបស់លោកជេមស៍ និងបង្ហាញក្ដីស្រលាញ់កូនប្រុសស្រី៤នាក់នេះ ក្រោយពីគេសង្កេតឃើញថានៅរយៈពេលចុងក្រោយនេះ លោកជេមស៍ មានជីវភាពធូរធាជាងមុន ពិសេសនៅពេលដែលតារាជាច្រើនជួបវិបត្តិសេដ្ឋកិច្ចនៅរដូវកូវីដ-១៩នេះ អតីតតារា Rock រូបនេះ បែរជាហ៊ឺហាទិញរថយន្ដទំនើបម៉ាក Landcruiser តម្លៃជាង១០ម៉ឺនដុល្លារទៅវិញ។

ខាន់ ជេមស៍ ដែលគេតែងតែផ្សារភ្ជាប់ថា លោកនឹងផ្លាស់ទៅច្រៀងនៅផលិតកម្មរស្មីហង្សមាស ឬ Galaxyនោះ ធ្លាប់និយាយថា នឹងបន្ដច្រៀងឲ្យសាន់ដេ យូរឆ្នាំតទៅទៀត ព្រោះថៅកែផលិតកម្ម មិនចង់ឲ្យលោកចាកចេញឡើយ៕
